ព្រះមហាក្សត្រនៃប្រទេសថៃបានអនុម័តទៅលើក្រឹត្យមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីប្រាក់រហូតដល់ ៥០០ប៊ីលានបាត (១៥,៩៥ប៊ីលានដុល្លារអាម៉េរិក) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
វាអនុញ្ញាតឱ្យរដ្ឋាភិបាលចេញប័ណ្ណបំណុល ឬប័ណ្ណខ្ចីប្រាក់ជារូបិយប័ណ្ណបាត ឬរូបិយប័ណ្ណបរទេសក្នុងចំនួនទឹកប្រាក់សរុបរហូតដល់ ៥០០ប៊ីលានបាត ដែលតិចជាងចំនួន ៧០០ប៊ីលានបាតដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។
បំណុលថ្មីនេះនឹងជួយជាថវិកាសម្រាប់វិធានការផ្តល់ជំនួយសង្គ្រោះបន្ទាន់សំដៅដល់អ្នកដែលរងគ្រោះខ្លាំងបំផុតដោយសាររលករាតត្បាតនាពេលបច្ចុប្បន្ន។
នេះ គឺជាច្បាប់ទី ២ ដែលត្រូវបានអនុម័តដើម្បីដោះស្រាយជាមួយបញ្ហាជំងឺកូវីដ-១៩ បន្ទាប់ពីអនុក្រឹត្យខ្ចីប្រាក់ចំនួន ១ទ្រីលានបាតកាលពីឆ្នាំមុន។
ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បាននិយាយថា សេដ្ឋកិច្ចថៃបានធ្លាក់ចុះ ២,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ។
ក្រុមប្រឹក្សានេះក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនជាលើកទី ២ ផងដែរពីចំនួន ២,៥ ទៅ ៣,៥ភាគរយកាលពីមុនមកនៅត្រឹម ១,៥ ទៅ ២,៥ភាគរយ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)
0 Reviews:
Post a Comment