ក្នុងសារជាសំឡេង នាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងហើយថ្មីៗនេះដំណើរការចាក់វ៉ាក់សាំងត្រូវចាក់មន្រ្តីរាជការនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ដំណើការចាក់វ៉ាក់សាំង នេះបានលេចឡើងមន្រ្តី២ ប្រភេទ ទីមួយ គឺអ្នកចង់បានចាក់វ៉ាក់សាំងយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន ដោយមានកង្វល់ខ្លាចអត់វ៉ាក់សាំងចាក់ នេះគឺជាការលើកទឹកចិត្តមួយ។ ក៏ប៉ុន្តែក៏មានលេចឡើងនូវប្រភេទមន្ត្រីទី២ គឺមន្ត្រីគេចវេសពីការចាក់វ៉ាក់សាំងតែម្ដង។ សម្ដេចតេជោបានគូសបញ្ជាក់ថា ពិតមែនតែវ៉ាក់សាំងចាក់លើគោលការណ៍ស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថាវ៉ាក់សាំង នឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្ដង ជាពិសេសជំហានដំបូងនេះគឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលរបស់យើងទាំងអស់។
សម្ដេចតេជោថ្លែងថា «ខ្ញុំសូមជម្រាបជូន ខ្ញុំមិនចង់ឱ្យដល់ដំណាក់កាលដែលមាន ការលំបាកហើយទើបស្រោចស្រង់នោះទេ។ ខ្ញុំសុំបញ្ជាក់ជូនទៅមន្ត្រីរាជការដែលមិនចង់ ចាក់វ៉ាក់សាំងឱ្យបានជ្រាបថា នៅពេលដែលគ្រប់ស្ថាប័នចាក់វ៉ាក់សាំងចាប់បានពី ៧០ ភាគរយឡើងលើ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សុំដេកផ្ទះចុះ ហើយប្រសិនជាថ្នាក់ត្រូវចូលប្រជុំ ក៏មិនចាំបាច់ឱ្យប្រធានស្ថាប័នអញ្ជើញគាត់ចូលរួមប្រជុំដែរ ទុកឱ្យគាត់នៅដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការពារប្រយុទ្ធនឹងកូវីដ-១៩ ធ្វើមិនបានផង តើបន្តចាំបាច់ធ្វើជា ទាហាន ធ្វើប៉ូលីស ឬក៏មន្ត្រីរាជការធ្វើអ្វីតទៅទៀត»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀតថា»គ្មានការចាំបាច់ទេ ខ្ញុំសុំបញ្ជាក់ជូនដើម្បីកុំឱ្យហួសពេល ពីព្រោះវ៉ាក់សាំងមិនមែនជាទំនិញរើសតាមផ្សារ តាមឱសថស្ថានបាននោះទេ ខុសគ្នាពីថ្នាំពេទ្យនានា ដែលមានលក់នៅតាមឱសថស្ថាន។ ឥឡូវនេះ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ចាក់ ឱ្យមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ទាន់មានវ៉ាក់សាំងចាក់អញ្ជើញមកចាក់ ហើយប្រសិនបើពុំមកចាក់ដោយការស្ម័គ្រចិត្តទេ ថ្ងៃក្រោយ លោក លោកស្រី ឬឯកឧត្តម លោកជំទាវ គ្មានឱកាសបានចូលរួមប្រជុំ ហើយក៏គ្មានឱកាសចូលទៅក្នុងក្រសួងទៀតដែរ ព្រោះអ្នកនៅក្នុងក្រសួងគេខ្លាចឆ្លងរោគពីឯកឧត្តម លោកជំទាវ អស់លោកលោកស្រីអ្នកនាងកញ្ញាដែលជាមន្ត្រីមិនបានចាក់វ៉ាក់សាំង»។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័នទាំងអស់ គ្រប់គ្រងពិនិត្យមើលចលនានៃមន្ត្រីក្រោមឱវាទរបស់ខ្លួន។ កងទ័ពក៏ដូចគ្នា អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសអភិបាលខេត្ត អភិបាលស្រុក ត្រូវត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទ តើមន្ត្រីណាខ្លះបានចាក់ មន្ត្រីណាខ្លះមិនបានចាក់វ៉ាក់សាំង ដើម្បីចៀសវាងការគេចវេសណាមួយចំពោះការចាក់វ៉ាក់សាំង ហើយការគេចវេសនេះវាមិនត្រឹមតែបំផ្លាញជីវិតរបស់ពួកគាត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានចូលរួមបំផ្លាញជីវិតអ្នកដទៃនៅតាមស្ថាប័នដែលខ្លួនធ្វើការ ក្នុងករណីដែលមានការខកខានដោយចេតនាមិនបានចាក់វ៉ាក់សាំង។
សម្ដេចតេជោបានលើកឡើងថា សូម្បីតែមន្ត្រីរាជការត្រូវជ្រើសរើសថ្មី មន្ត្រីជាប់កិច្ចសន្យាត្រូវជ្រើសរើសថ្មី ត្រូវតែមានលក្ខខ័ណ្ឌមួយតម្រូវជាចាំបាច់ គឺត្រូវបានចាក់ វ៉ាក់សាំងរួចហើយ ទើបអនុញ្ញាតឱ្យជ្រើសរើសចូលក្របខ័ណ្ឌ ឬប្រលងចូលក្របខ័ណ្ឌ បើមិនដូច្នោះទេ វ៉ាក់សាំងដែលយើងចាក់រាប់លានដូសដែលគ្រោងចាក់ក្នុងរង្វង់១០ ទៅ ១៣លាននាក់ នឹងក្លាយទៅជាអត់ន័យដោយសារតែ មនុស្សមួយចំនួនមិនទទួលយកវ៉ាក់សាំង។ សម្ដេចតេជោបានបន្ថែមថា “យើងសុខចិត្តឱ្យពួកគាត់នៅផ្ទះ យើងសុខចិត្តឱ្យពួកគាត់ចាកចេញពីការងារ ហើយយើងសុខចិត្តជ្រើសរើសមន្ត្រីថ្មីឱ្យចូលធ្វើការជំនួសវិញ។ ព្រោះបញ្ហានេះជាបញ្ហាសុខភាពសាធារណៈ បញ្ហាស្ម័គ្រចិត្ត គឺជាបញ្ហាមួយហើយ ប៉ុន្តែយើងត្រូវគិតអំពីផលប្រយោជន៍រួមរបស់ជាតិអំពីសុខភាពសាធារណៈជាចាំបាច់”។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា អ្នកដែលមិនអាចចាក់វ៉ាក់សាំងបានត្រូវមានការបញ្ជាក់ពីគ្រូពេទ្យ ហើយការបញ្ជាក់នេះទៀតសោត ចៀសវាងមានការឃុបឃិតរវាងគ្រូពេទ្យ ជាមួយនឹងអ្នកមិនចាក់វ៉ាក់សាំង។ មន្ត្រីនៅថ្នាក់ខេត្តត្រូវមានការបញ្ជាក់ពីមន្ទីរសុខាភិបាលរបស់ខេត្ត ទើបអាចជឿជាក់បានថាខ្លួនមិនអាចចាក់វ៉ាក់សាំងបាន ចៀសវាងមានការស៊ុមគ្រលំមិនចាក់វ៉ាក់សាំង។ ឯនៅទីក្រុងភ្នំពេញនេះក៏ដូចគ្នាដែរ គឺគប្បីត្រូវមានការបញ្ជាក់ជាក់លាក់ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញបញ្ជាក់ជូនមន្ត្រី រាជការស៊ីវិលនៅថ្នាក់ជាតិ ទាំងស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និង ស្ថាប័នផ្សេងទៀតដូចជាក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ អគ្គសវនកម្មជាតិ ក្រសួងព្រះបរមរាជវាំង ផងដែរត្រូវមានការបញ្ជាក់។ ទន្ទឹមនេះ គ្មានការឃុបឃិតណាមួយបញ្ជាក់ចេញពីគ្រូពេទ្យណាម្នាក់បានទេ។ សម្ដេចតេជោបានឱ្យដឹងដែរថា នៅពេលខាងមុខ យើងគិតគូរថាក្រៅពីការបញ្ជាក់ពីការចាក់វ៉ាក់សាំងយើងអាចមានផ្លាកសញ្ញាបញ្ជាក់អំពីអ្នកដែលបានចាក់វ៉ាក់សាំងក្នុងកន្លែងធ្វើការនីមួយៗ ចេញដោយក្រសួងសាមីនោះតែម្ដង ដើម្បីបញ្ជាក់ថាបុគ្គលនេះត្រូវបានចាក់វ៉ាក់សាំង បុគ្គលនោះមិនទាន់បានចាក់វ៉ាក់សាំង។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់សារជាថ្មីថា នេះមិនមែនជាការជំរុញការ រើសអើងសម្រាប់ការចាក់វ៉ាក់សាំងនោះទេ តែនេះគឺជាការដាស់តឿនដើម្បីការពារខ្លួនពី ជំងឺកូវីដ-១៩ សម្រាប់ខ្លួនផង និងសម្រាប់អង្គភាពដែលខ្លួនត្រូវធ្វើការផង។ ដូច្នេះក្រសួង មុខងារសាធារណៈសូមធ្វើការបូកសរុបចំនួនមន្ត្រីដែលបានធ្វើការចាក់វ៉ាក់សាំងរួចហើយ ជូនមកនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងជាព័ត៌មានសម្រាប់ការធ្វើជំរឿនទៅលើបច្ចុប្បន្នភាព ដើម្បីស្វែងរកវ៉ាក់សាំងធ្វើការចាក់បន្តទៀតនៅពេលក្រោយ៕
0 Reviews:
Post a Comment