កណ្តាល៖ នៅវេលាយប់ថ្ងៃទី១៨ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងក្រុមការងារជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងត្រៀមធ្វើជាទីផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យទីផ្សារដើមគរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ស្របតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីសម្រេចកាលពីពេលថ្មីៗនេះ ផ្អាកលក់ដូរបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ ការចុះពិនិត្យនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះអាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីសម្រេចផ្អាកលក់ដូរបណ្តោះអាសន្នផ្សារដើមគរ រយៈពេល១៤ថ្ងៃ គឺចាប់ពី ថ្ងៃទី១៨ ខែមេសា រហូតដល់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណ១០០នាក់ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ។
ដោយប៉ុន្មានថ្ងៃនេះ មានឆ្លងរាលដាល ជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ ដែលស្ថានភាពនេះ ត្រូវចាត់វិធានការសុខាភិបាលដើម្បីទប់ស្កាត់ចំពោះមុខជាបន្ទាន់ ទើបអាជ្ញាធរខេត្តកណ្តាល សម្រេចរៀបចំត្រៀមបង្កើតផ្សារបោះដុំបន្លែនេះឡើង៕
0 Reviews:
Post a Comment