ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, April 25, 2025

ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥

អ្នកទស្សនា: Views

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន តំណាងអង្គការជាតិ និងអន្ដរជាតិចំនួន ៣៩អង្គការ។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់អង្គការដៃគូទាំងអស់ ដែលជាប្រភពថាមពលដ៏សំខាន់សម្រាប់ចូលរួមផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ ជួយឱ្យគោលនយោបាយអភិវឌ្ឍន៍ជនបទ មានគុណភាព ប្រកបដោយភាពប្រាកដនិយមសម្រាប់ការអភិវឌ្ឍ អាចអនុវត្តបាន មានសមិទ្ធផលជាក់ស្ដែងលើដីជូនដល់ប្រជាជនកម្ពុជា ស្របតាមបរិបទនៃការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ បានខិតខំអភិវឌ្ឍប្រទេសឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិត្រូវបានលើកស្ទួយខ្ពស់ត្រដែតលើឆាកអន្តរជាតិ តាមរយៈយុទ្ធសាស្ដ្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណទាំងបួនដំណាក់កាល។ ផ្អែកលើសមិទ្ធដែលមានស្រាប់ក្នុងនីតិកាលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ផ្អែកតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ នេះ ដើម្បីជាផែនទីបង្ហាញផ្លូវ និងជាផែនការមេសម្រាប់អភិវឌ្ឍន៍ប្រកបដោយបុរេសកម្មដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក ដើម្បីដាក់ទិសដៅជំរុញការអភិវឌ្ឍជនបទឱ្យរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញស្ដីពី សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ដ្រ កម្មវិធី និងវិធីសាស្ដ្រ ជូនដល់អង្គពិធីទាំងមូល។ បន្ទាប់មកអង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងគោលនយោបាយនេះ ព្រមទាំងបានចូលរួមមតិយោបល់យ៉ាងផុលផុសផ្ដល់ធាតុចូលបន្ថែមទៀតលើសេចក្ដីព្រាងគោលនយោបាននេះ កាន់តែមានគុណភាព និរន្ដរភាព និងមានសង្គតិភាពទៅនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបានស្ដាប់នូវការធ្វើបទបង្ហាញ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ពីអង្គពិធីទាំងមូលរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីស្ថាបនា ក្នុងការផ្តល់នូវធាតុចូលល្អៗ ព្រមទាំងបានផ្ដល់អនុសាសន៍ដល់ក្រុមការងារតាក់ចែងគោលនយោបាយ រៀបចំកែសម្រួលដោយដាក់បញ្ចូលនូវធាតុចូលដែលទទួលបាននាថ្ងៃនេះ ដើម្បីកែលម្អសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ឱ្យកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។ ថ្លែងក្នុងពិធីបិទអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់អង្គការដៃគូដែលមានវត្តមានក្នុងកិច្ចប្រជុំ បន្ដចូលរួមសហការផ្ដល់ធាតុចូលបន្ថែមទៀត ព្រមទាំងបានសំណូមពរដល់អង្គការដៃគូទាំងអស់ គិតគូរដាក់បញ្ចូលនូវអ្វីដែលមានក្នុងគោលនយោបាយនេះ ទៅក្នុងផែនការអភិវឌ្ឍន៍សម្រាប់រយៈខ្លី រយៈពេលមធ្យម និងរយៈពេលវែងរបស់ខ្លួន ក្នុងគោលដៅធ្វើឱ្យតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកដោយបរិយាបន្ន សមធម៌ និងនិរន្ដរភាព៕

            

0 Reviews:

Post a Comment