ព័ត៌មានថ្មីប្រចាំថ្ងៃ


Monday, August 14, 2023

សម្តេចក្រឡាហោម៖ ធនធានថ្មីរបស់នគរបាលប្រកបដោយសក្តានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ

អ្នកទស្សនា: Views

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ធនធានថ្មីនៃកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពលដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព​ ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ​ទាំងមូល​ផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់​សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ​និង​បរិញ្ញាបត្រជាន់​ខ្ពស់វិទ្យា​សាស្រ្តនគរបាល​ ជូនដល់និស្សិតជ័យលាភី​ ចំនួន៥៦៩នាក់ ​នៅបណ្ឌិត្យភានគរបាល​កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ​ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «និស្សិតជ័យលាភីទាំងនេះគឺជា ​ធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិមានលក្ខណ​សម្បត្តិ​សមស្រប និង​ប្រកប​ដោយ​សក្ដានុពល​ ដើម្បី​បន្តវេន​ក្នុងការងារសន្តិសុខជាតិ ​សណ្ដាប់ធ្នាប់​សាធារណៈ ​និងសុវត្ថិភាពសង្គម ​ស្របតាម​ការវិវឌ្ឍ​របស់សង្គមជាតិ ​សភាពការណ៍​សន្តិសុខ​ជាតិ និងអន្តរជាតិ ​ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចូលរួមចំណែក​ក្នុងការរក្សាសន្តិភាព ស្ថិរភាព​នយោបាយ​ អធិបតេយ្យភាពជាតិ ​និងបូរណភាពទឹកដី​ ទាំងបច្ចុប្បន្ននិងអនាគត»។

សម្តេចក្រឡាហោម បានបន្ថែមថា ​នេះជាសក្ខីភាពបង្ហាញអំពី​សមិទ្ធផល​នៃការងារកំណែ​ទម្រង់​នគរបាលជាតិ និង​ការ​អនុវត្តផែនការ​អភិវឌ្ឍធនធាន​មនុស្ស​របស់​ក្រសួង​មហាផ្ទៃ ស្របតាម​គោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចហ៊ុន ​សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានោះដែរសម្តេចក្រឡាហោម បាន​ផ្តល់​អនុសាសន៍​ដល់បណ្ឌិត្យ​សភានគរបាលកម្ពុជា​ឱ្យ​បន្តការងារបណ្ដុះបណ្ដាល​កង​កម្លាំង​នគរបាលជាតិ ​និង​បន្តការងារអភិវឌ្ឍ ស្របតាម​ស្តង់ដា​គុណភាព​និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ​ឱ្យសម្រេចបានជោគជ័យថ្មីៗ​បន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើ​ដល់និស្សិត​ជ័យលាភីទាំងអស់ ​ឱ្យយកចំណេះដឹង​និងជំនាញវិជ្ជា ​ជីវៈដែលទទួលបានពីការ​បណ្ដុះ​បណ្ដាល ​ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់​ក្នុងការបម្រើអង្គភាព​ សង្គមជាតិ ​និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ ​និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។

នៅក្នុងពិធីនោះដែរនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាល​កម្ពុជា ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ និងតម្លៃនៃការងារបណ្ដុះបណ្ដាល គុណភាពអប់រំ ប្រសិទ្ធភាព​នៃការ​ដឹកនាំគ្រប់គ្រង និងភាពជោគជ័យនៃការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធរឹង និងទន់​របស់បណ្ឌិត្យសភា នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគទាំង៦ ដើម្បីបំពេញបាន​តាម​តម្រូវការនៃការងារបណ្ដុះបណ្ដាល ​ស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់​របស់ខ្លួន។

ក្នុងន័យនេះ ឯកឧត្ដមបានគោរពថ្លែងអំណរគុណ ​និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត​បំពោះ​រាជរដ្ឋាភិបាល​កម្ពុជានិងក្រសួងមហាផ្ទៃ ​ដែលបានគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ដល់​ការអភិវឌ្ឍ​បណ្ឌិត្យសភា​លើគ្រប់ផ្នែក​ ដើម្បី​មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាពវិជ្ជាជីវៈ ​ដល់កងកម្លាំងនគរបាលជាតិ​ ឱ្យបានល្អប្រសើរផងដែរ៕ អត្ថបទ៖ បាន ចក់

0 Reviews:

Post a Comment