ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទើបតែងតាំងថ្មីរបស់កម្ពុជា បានអះអាង ចំពោះមុខប្រមុខការទូតចិនថា រដ្ឋាភិបាលថ្មីរបស់ឯកឧត្តមនៅបន្តរក្សាគោលជំហរដដែលចំពោះ«គោលនយោបាយចិនតែមួយ» ។
នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ទៅកាន់ឯកឧត្តម វ៉ាង យី នូវការរក្សាគោលជំហរឥតប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ «គោលនយោបាយចិនមួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន ។
ជាមួយគ្នានោះដែរឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបទៅនឹងការអញ្ជើញរបស់ភាគីមិត្តចិនទៅចូលរួមពិធីខួបលើកទី១០នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ខាងមុខខាងនេះផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ រដ្ឋមន្រ្តីការបរទេសចិនឯកឧត្តម វ៉ាង យី បានថ្លែងថា ចិននៅបន្តជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជាដដែល ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខផង។
នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងប្រមុខការទូតចិន ក៏បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនរូបនេះមកកម្ពុជា គឺដើម្បីលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង វេទិកាតំបន់ និងអន្តរជាតិផងដែរ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមវ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំង នៃកម្ពុជា ជួបឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជួបជាមួយឯកឧត្តម ហោ ណាំហុងអតីត ប្រមុខការទូតកម្ពុជាជាដើម។
នៅក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃនេះ ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលចិននូវបន្តប្តេជ្ញាចិត្តដោយឥតងាករេក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវ ការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជាផងដែរ។ ឯក ឧត្តម វ៉ាង យី ក៏បានលើកឡើងផងដែរថា អាណត្តិដែលទទួលបានពីសំឡេងឆ្នោតគាំទ្រចំនួន៨២ភាគរយ បានគូសបញ្ជាក់អំពីអភិក្រមនៃការដឹកនាំប្រកបដោយការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា ដែល តែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាដើម៕ អត្ថបទ៖ បាន ចក់
0 Reviews:
Post a Comment