ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, March 15, 2023

ឯកឧត្ដមឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

អ្នកទស្សនា: Views

 

 ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមាន សមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈដែលកម្ពុជានឹងត្រូវធ្វើ ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាង មុខនេះ ដោយការប្រកួតកីឡាស៊ីហ្គេមនេះនៅសល់តែ៥២ថ្ងៃទៀតប៉ុណ្នោះ។


ការជំរុញបែបនេះរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមាន ប្រសាសន៍លើកឡើងថា ៖ កិច្ចប្រជុំនេះធ្វើឡើងមួយផ្នែក ដើម្បីពិនិត្យ ពីវឌ្ឍនភាពការងារត្រៀមសហការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអនុគណៈកម្មការចំពោះកិច្ច និងការពង្រឹងកិច្ចការងារ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រកួតកីឡានេះ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ការងារធំរបស់យើងគឺកិច្ច ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមាន សមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត កុំឱ្យមានបទល្មើសកើតឡើងនៅក្នុងមូល ដ្ឋានរបស់ខ្លួន ពិសេសថែមទៀតនោះ គឺកិច្ចការពារ សន្តិសុខ ជូនប្រតិភូ កីឡាករ ភ្ញៀវជាតិ អន្តរជាតិ ដែលមកចូលរួមក្នុងពិធីដ៏ធំនេះ។

ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវ តុបតែងភ្លើងបំភ្លឺសាធារណៈ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង ពិសេសផ្លូវសំខាន់ ចូលទៅក្នុងពិធី ដូចជាផ្លូវជាតិលេខ៥ លេខ៦ ផ្លូវ២ខ្សែថ្មីចូលទៅកាន់មហាវិថីឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះនេះតែម្តង។ ចំពោះអាជ្ញាធរខណ្ឌទាំង ១៤ ក្រៅពីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ហើយ ការសម្អាត អនាម័យបរិស្ថានក៏ត្រូវយកចិត្តទុកដាក់ ជាមួយនឹងការចលនាប្រជាពលរដ្ឋឲ្យដាក់ទង់ជាតិ ព្រោះនេះជាមុខមាត់របស់ប្រទេសយើងទាំងមូល។

គួរបញ្ជាក់ថា៖ ការរៀបចំការ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានអនុវត្តការងារ ដាច់ដោយឡែកតែឯងនោះទេ តែជាការងារដែលត្រូវសហការជាមួយអនុគណៈកម្មការចំពោះកិច្ច មានទាំងការរៀបចំសណ្តាប់ធ្នាប់ ការងារអនាម័យបរិស្ថាន ការជួសជុលកែលម្អផ្លូវ និងការងារចរាចរណ៍ជាដើម បើទោះបីការងារនេះ ស្ថិតក្នុងការគ្រប់គ្រងនិងទទួលខុសត្រូវទាំងស្រុងរបស់អាជ្ញាធររាជធានីភ្នំពេញក៏ដោយ៕ សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment