ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, March 16, 2023

អំណោយសម្រាលការលំបាករបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដល់ដៃប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២១គ្រួសារ រស់នៅខណ្ឌមានជ័យ

អ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រោយអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ៥ខ្នង​ និងឆេះរាលដាលដល់ផ្ទះ​២ខ្នងទៀតប្រហែល​៣០%​ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ កាលពីយប់ថ្ងៃមិញនេះ, នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងភ្លាមៗចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដើម្បីសម្រាលការលំបាកក្នុងគ្រាមានអាសន្ននេះ។

តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការចូលរួមសោកស្ដាយជាមួយប្រជាពលរដ្ឋ ដែលត្រូវឆាបឆេះផ្ទះដោយសារឆ្លងចរន្តអគ្គីសនី។

លោកស្រីបានគូសបញ្ជាក់ថា «បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានឃើញអគ្គិភ័យឆាបឆេះប្រជាពលរដ្ឋតាមបណ្ដាញផ្សព្វផ្សាយ ភ្លាមនោះសម្ដេចបានឱ្យខ្ញុំស្រាវជ្រាវភ្លាមៗថា​ មានពលរដ្ឋយើងណាម្នាក់រងគ្រោះដល់ជីវិតទេ ឆាបឆេះអស់ប៉ុន្មានផ្ទះ កូនចៅយើងមានអីស្នាក់នៅទៅ ហូបបាយ ហូបទឹកនៅណា ពិបាកយ៉ាងណា។ ដោយសារក្ដីព្រួយបារម្ដពីសុខទុក្ខចំពោះពលរដ្ឋនេះហើយ ទើបសម្ដេច ដែលជាមាតាមនុស្សធម៌ បានឱ្យខ្ញុំនាំយកនូវអំណោយសម្រាលទុក្ខលំបាកភ្លាមៗទាន់សភាពការជូនដល់ប្រជាពលរដ្ឋយើងនៅពេលនេះ»។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា ក្នុងនាមកាកបាទក្រហមកម្ពុជា រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋយើង។ ដើម្បីចូលរួមសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងមានទុក្ខនេះ ក៏បាននាំមកនូវអំណោយមនុស្សធម៌សម្រាលការលំបាក ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្គរ ៨០គីឡូ, មីជាតិ ២កេស, ត្រីខ ២យូរ(២០កំប៉ុង), ទឹកត្រី ២យួរ (៦ដប), ទឹកស៊ីអ៊ីវ ១យូរ (៦ដប), ឃីត១កញ្ចប់ (សារុង,ក្រមា, មុង,ភួយ), សាប៊ូដុសខ្លួន ២ដប, តង់ចំនួន១ និងថវិកា ចំនួន៥០ម៉ឺនរៀល សម្រាប់ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងចំនួន៥ខ្នង និងម្ចាស់ផ្ទះ​២ខ្នងទៀត ដែលឆេះរាលដាលប្រហែល​៣០% ទទូលបានថវិកា ចំនួន៣០ម៉ឺន និងគ្រួសារជួលផ្ទះ ១៤គ្រួសារ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល។​

អគ្គិភ័យបានឆាបឆេះខាងលើនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ចំនួន ២១គ្រួសារ បានរងគ្រោះដោយបាត់បង់ផ្ទះសម្បែង ដោយសារផ្ទះខាងលើ គឺម្ចាស់ផ្ទះស្នាក់នៅផង និងជាបន្ទប់ៗជួលផង។

ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងលើកទឹកចិត្ដដល់ពលរដ្ឋរងគ្រោះ ត្រូវខិតខំប្រឹងប្រែងបន្ដទៀត ព្រោះ «ជីវិតគឺជាការតស៊ូ» ។ការបាត់បង់ផ្ទះសម្បែងនេះពិតណាស់ ជាការតត់ស្លុតមួយដែលមិនអាចទទួលយកបាន ដែលផ្ទះមួយៗទម្រាំតែសាងសង់រស់នៅយ៉ាងកក់ក្ដៅបាន គឺត្រូវចំណាយពេលជាច្រើនឆ្នាំ ខំរក ខំសន្សំ ខ្លះ២០ទៅ៣០ឆ្នាំ ទើបមានជម្រកដ៏សមរម្យមួយ តែពេលនេះបានបាត់បង់ក្នុងមួយពព្រិចភ្នែក។ តែទោះជាយ៉ាងណា យើងបាត់បាត់តែទ្រព្យសម្បត្ដិ តែជីវិតយើងនៅ ដូច្នេះត្រូវខិតខំប្រឹងប្រែងបន្ដទៀត៕

0 Reviews:

Post a Comment