ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, March 23, 2023

អភិបាលខណ្ឌច្បារអំពៅ ប្រជុំដាក់ទិសដៅ ឲ្យរួមគ្នាពង្រឹង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធិភាព

អ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រី លោកប្រធានការិយាល័យ លោក​-លោកស្រី ចៅសង្កាត់​ លោកមេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង៨។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌបានក្រើនរំលឹក ក៏ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព។

* ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឲ្យបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានលទ្ធផលល្អ និងត្រូវរួមគ្នាអនុវត្តបទបញ្ជាខ្ពង់ខ្ពស់របស់សម្តេចតេជោឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។

* ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានចុះល្បាតជាប្រចាំ នៅតាមគោលដៅងាយរងគ្រោះរួមមាន គោលដៅចោរកម្ម. គោលដៅស្មុគ្រស្មាញ. គោលដៅក្មេងទំនើង. គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន។

* ចុះត្រួតពិនិត្យជាប់ជាប្រចាំនៅតាមទីតាំងលក់អេតចាយគ្រប់ប្រភេទ ដោយធ្វើការណែនាំឲ្យម្ចាស់ទីតាំងហាម កុំឲ្យទិញរបស់របរណាដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បើហ៊ានទិញត្រូវប្រឈមមុខជាមួយច្បាប់ និយាយរួមជាអ្នកបំរើប្រពលរដ្ឋ ដូច្នេះត្រូវពង្រឹងការទទួលខុសត្រូវ ចំពោះមុខតួនាទីភារៈកិច្ច និងកាតព្វកិច្ចរបស់របស់ខ្លួនដើម្បីប្រជាពលរដ្ឋ។

* គោលដៅសំខាន់មួយទៀតត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រោះវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមគ្រួសារ ដល់សហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរសង្កាត់ត្រូវរួមគ្នា កំណត់មុខសញ្ញាគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឲ្យមូលដ្ឋានរបស់យើង គ្មានគ្រឿងញៀន មួយទៀតត្រូវជំរុញការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀន។

* ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌ បានណែនាំឲ្យមន្ត្រីក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបំផុសដល់ប្រជាពលរដ្ឋ ឲ្យចូលរួមលេងល្បែងប្រជាប្រិយនៅសង្ក្រាន្តតាមវត្តអារាម ជាពិសេសផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពីកម្មវិធីសង្ក្រាន្តនៅអង្គរវត្ត និងនៅរម្មណីដ្ឋានវត្តភ្នំ និងត្រៀមការពារការប្រកួតកីឡាស៉ីហ្គេម និងកីឡាសីហ្គេមប៉ារ៉ាហ្គេម ដែលនឹងចូលមកដល់នៅពេលខាងមុខ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានស្នើដល់កម្លាំងទាំងអស់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងសម្រួលចរាចរណ៍លើផ្លូវជាតិលេខ១ ផ្លូវព្រែកបារាំង និងផ្លូវ៣៦៩ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ដោយរលូន និងខិតខំដោះស្រាយសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធ ឲ្យច្រើនជាអតិប្បរិមា៕

0 Reviews:

Post a Comment