ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, March 24, 2023

មន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ព្រមានអ្នកផ្តល់ឥណទាន ដែលយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ធ្វើវត្ថុធានា

អ្នកទស្សនា: Views

(កំពង់ចាម)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរស្រុកចំការលើ ខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ជូនប្រជាពលរដ្ឋក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីបញ្ជ្របចំណេះដឹង ​ពីការប្រើប្រាស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឲ្យចំគោលដៅ និងមិនប្រឈមនឹងបំណុលវ័ណ្ឌក។

សិក្ខាសាលានេះរៀបចំឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះក៏មានការចូលរួមពីលោក សុំ ពិសិដ្ឋ អភិបាលស្រុកចំការលើផងដែរ។

លោក គិត សុវណ្ណារិទ្ធ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះការប្រើប្រាក់កម្ចីមិនចំគោលដៅ ដែលនឹងប្រឈមហានិភ័យជាច្រើន រហូតក្លាយជាបំណុលវ័ណ្ឌករុញច្រានឲ្យក្រុមគ្រួសារ ធ្លាក់ក្នុងភាពក្រីក្រ។ ក្នុងឱកាសនោះលោកអគ្គនាយករងរូបនេះ បានព្រមានដល់បុគ្គលឥណទាន និងអ្នករួមគំនិតទាំងឡាយណា ដែលឃុតឃិតគ្នាមិនយកគោលការណ៍ច្បាប់ មកអនុវត្តក្នុងផ្ដល់ឥណទាន ដល់ប្រជាជន និងអ្នកប្រើប្រាស់ប្រាក់កម្ចី ដូចជាតម្រូវឲ្យយកអត្តសញ្ញាណប័ណ្ណប្រជាជន, សៀវភៅគ្រួសារ ហើយមានកន្លែងឈានដល់យកសំបុត្រកំណើតទៀតផង។

លោក គិត សុវណ្ណារិទ្ធ បានព្រមានថា បើមានករណីអ្នកណាម្នាក់អនុត្តន៍ខុស ពីគោលការណ៍ និងបទបញ្ញាត្តិ នឹងត្រូវរងការដាក់ពិន័យ ឬអាចដល់ការប្រឈមមុខចំពោះតាមច្បាប់។

លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាកូ បានក្រើនរំលឹក ផ្សព្វផ្សាយដល់ប្រជាជន និងអ្នកប្រើប្រាស់ប្រាក់កម្ចីទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនដែលផ្តល់ការប្រាក់ខ្ពស់ ហើយមុននឹងឲ្យខ្ចីត្រូវពិនិត្យពីស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនឲ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់ សម្រាប់ការស្នើសុំប្រាក់កម្ចី។

លោកបានបន្ដថា ក្នុងករណីកំពុងមានបំណុលច្រើនលើសពីសមត្ថភាពសង ពុំគួរចេញលិខិតជូននោះឡើយ និងពុំគួរចូលរួមជាមួយបុគ្គលិកឥណទាន របស់គ្រឹះស្ថានទារ ឬដើរប្រមូលប្រាក់ពីប្រជាជននោះឡើយ។

សូមបញ្ជាក់ថា ទោះបីមានបញ្ហាប្រឈមខ្លះៗ ក្នុងវិស័យនេះក៏ដោយបើតាមរបាយការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២២បង្ហាញថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៧ កំពុងមានប្រតិបត្តិការនៅទូទាំងស្រុកចំការលើ ខេត្តកំពង់ចាម បានផ្តល់សេវាឥណទាន ដល់ប្រជាពលរដ្ឋចំនួន១៦ ៥៩៩ គ្រួសារ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណ ៦២លានដុល្លារ។

ចំណែកឯអតិថិជនប្រាក់បញ្ញើមានចំនួនប្រមាណ ២៣ ៥៦៦នាក់ និងមានសមតុល្យប្រាក់បញ្ញើសរុបចំនួន ៦.៩លានដុល្លារអាមេរិក៕


0 Reviews:

Post a Comment