ព័ត៌មានថ្មីប្រចាំថ្ងៃ


Tuesday, February 7, 2023

រដ្ឋមន្ត្រី ថោង ខុន ដើមឆ្នាំ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវចិន២៥,០០០នាក

អ្នកទស្សនា: Views


រដ្ឋមន្ត្រីបានឱ្យដឹងថា នៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០មុឺននាក់ កើនឡើង៧៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយចុះ៣៨% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ប្រភពទីផ្សារសំខាន់ៗមានប្រទេសថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិកជាដើម។

លោកបន្តថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំង៤០ម៉ឺននាក់នោះ គឺមានមកតាមផ្លូវអាកាសប្រមាណ១៤០,០០០នាក់ កើនឡើង៤៥១%, មកតាមផ្លូវគោកប្រមាណ២៥៥,០០០មុឺននាក់ កើនឡើង១,២៨៤% និងមកតាមផ្លូវទឹកប្រមាណ៥,០០០នាក់ (ពិសេសតាមនាវាទេសចរណ៍ធំៗ) កើនឡើង១,២៨៣% ធៀបនឹងខែមករា ឆ្នាំ២០២២។

លោកថា គិតជាមធ្យម មានទេសចរអន្តរជាតិចូលមកកម្ពុជា ទាំងតាមផ្លូវ ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកប្រមាណ១២,០០០នាក់ ទៅ ១៣,០០០នាក់ ក្នុងមួយថ្ងៃ។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ក្នុងចំណោមទេសចរអន្តរជាតិខាងលើ ក៏មានទេសចរចិនប្រមាណ២៥,០០០នាក់ដែរ ដែលមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ប៉ុន្តែនៅថយចុះ៨៦.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។

លោក ថោង ខុន ក៏បានឱ្យដឹងដែរថា «ក្នុងខែមករា ឆ្នាំ២០២៣នេះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,១៧៨ជើង»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះជើងហោះហើរពីប្រទេសចិន ក្រោយថ្ងៃបើកឱ្យទេសចរធ្វើដំណើរឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ទើបមានជើងហោះហើរត្រង់ឡើងវិញ ប៉េកាំង-ភ្នំពេញ ចាប់ផ្តើមនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះជាលើកដំបូង ដែលប្រតិបត្តិការហោះហើរដោយក្រុមហ៊ុន Air China។ ក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល ក្រុមហ៊ុនគ្រប់គ្រង អាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា នឹងរៀបចំពិធីស្វាគមន៍ចំពោះភ្ញៀវទេសចរ ដោយសារនេះជាជើងហោះហើរឡើងវិញលើកទី១ក្រោយកូវីដ១៩ ពីរដ្ឋធានីប៉េកាំងមករាជធានីភ្នំពេញ។

លោកបានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ កម្ពុជាក៏បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ក្រុមភ្ញៀវទេសចរចិនចំនួន៣២នាក់ ដែលជាតំណាងទីភ្នាក់ងារទេសចរណ៍ចិន និងអ្នកសារព័ត៌មានមួយចំនួននៅខេត្តស៊ិនជិន តាមជើងហោះហើរ ZH9045 ដែលមកសិក្សាពីគោលដៅទេសចរណ៍កម្ពុជា។ ពួកគាត់សប្បាយរីករាយណាស់ចំពោះ បដិសណ្ឋារកិច្ចការស្វាគមន៍របស់កម្ពុជា។

លោករដ្ឋមន្ត្រី ថោង ខុន មានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»៕

0 Reviews:

Post a Comment