ខេត្តព្រះវិហារ: ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងជាតំណាងឱ្យមូលនិធិសប្បុរសធម៌ ដែលទទួលបានពីការបរិច្ចាករបស់លោកគ្រូ អ្នកគ្រូ នៅទូទាំងខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារថ្នាក់ខេត្តនាំយកថវិកាចំនួន ២៩១លានរៀល ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សម្រាប់ចូលរួមឧបត្ថម្ភគាំទ្រការចំណាយក្នុងសកម្មភាពពិនិត្យ ព្យាបាលជំងឺកុមារកម្ពុជា ដែលកំពុងត្រូវការចាំបាច់សេវារៀងរាល់ថ្ងៃ។ ពិសេសដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់កុមារជាច្រើនដែលមានជីវភាពក្រខ្សត់ មិនអាចស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជនបានជាដើម។
ថវិកាសប្បុរសធម៌ចំនួន ២៩១លានរៀល ដែលត្រូវបាននាំយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ គឺជាថវិកាផ្ទាល់របស់លោកគ្រូ អ្នកគ្រូនៅទូទាំងខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តរៃអង្គាសគ្នាក្នុងមួយខែ ៥,០០០រៀល រយ:ពេល០២ឆ្នាំ សម្រាប់កិច្ចការងារមនុស្សធម៌ទ្រទ្រង់ដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ នូវទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា ដែលបានស្ម័គ្រចិត្តបរិច្ចាកនូវថវិកាផ្ទាល់ខ្លួនចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នាបន្ដនិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្ដបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមាដោយឥតគិតថ្លៃ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ, ផ្សាយដោយ៖ dara
0 Reviews:
Post a Comment