ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, February 20, 2023

លោក នេត្រ ភក្ត្រា៖ ភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃគោលនយោបាយដាក់ចុះដោយគណបក្សប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យកម្ពុជាថែរក្សាបានសន្តិភាព និងការអភិវឌ្ឍ

អ្នកទស្សនា: Views



(កំពត)៖ លោក នេត្រ ភក្ត្រា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបូកគោ បានបញ្ជាក់ថា ភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃគោលនយោបាយដាក់ចុះដោយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតពោរពេញដោយបញ្ញាញាណឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានបន្តថា ការអនុវត្តដោយជោគជ័យនូវនយោបាយវ៉ាក់សាំងបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ និងការបើកដំណើរការប្រទេសឡើងវិញបានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ១៩។

ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ។

លោក នេត្រ ភក្ត្រា បានថ្លែងថា សមិទ្ធផលដែលសម្រេចបានដោយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានជាច្រើនដែលជាការឆ្លើយតបនឹងការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ពេលបោះឆ្នោតឱ្យដឹកនាំប្រទេស។ គណបក្សប្រជាជនដែលបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។

ជាមួយគ្នានេះដែរ លោកបានលើកទឹកចិត្តមន្ត្រី​គណបក្ស និងប្រជាពលរដ្ឋចូលរួមបន្តការពារសមិទ្ធផលដ៏ថ្លៃថ្លៃដែលជាផ្លែផ្លានៃសុខសន្តិភាព។

អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបូកគោរូបនេះ បានគូសបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជាបានកំណត់ការងារជាយុទ្ធសាស្ត្រការពារដាច់ខាតសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិដើម្បីធនាការការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ និងបរិយាកាសល្អសម្រាប់ការបោះឆ្នោត»។

លោកបានថ្លែងថា៖ «ប្រសិនបើគ្មានសុខសន្តិភាពទេ យើងមិនអាចអភិវឌ្ឍជាតិបានឡើយ គ្មានការវិនិយោគ និងគ្មានការរីកចម្រើន។ យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរចាំបាច់ត្រូវចូលរួមការពារនិងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនេះជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះជាតិ និងប្រជាជនចេញពីមហាវិនាសកម្មសង្គ្រាម នាំយកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនជាតិមាតុភូមិ»។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោទាំងអស់ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្តបញ្ហា និងធនធានក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងបានអនុវត្តតាមសេចក្តីសម្រេចនានារបស់គណបក្សរហូតបានសម្រេច​ជោគជ័យលើការបោះឆ្នោតដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់នាពេលកន្លងទៅ និងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

ចូលរួមក្នុងកិច្ចប្រជុំនេះដែរ លោកឧកញ៉ា មាស ធំ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ដែលបានផ្តល់ជំនឿទុក ជឿជាក់ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

0 Reviews:

Post a Comment