ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, January 4, 2023

ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះសំណាល និងចែករង្វាន់ដល់សិស្សនិទ្ទេស A

អ្នកទស្សនា: Views


 ព្រះសីហនុ: ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ រសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបា លខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមអបអរសាទរសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ គ្រឹះស្ថានសាធារណៈ និងឯកជន ដែលបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានទទួលលទ្ធផលល្អ ។ វិស័យអប់រំត្រូវបានពង្រឹង និងពង្រីកគុណភាពនៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះ សីហនុ មានបេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបចំនួន ១ ៧១៤នាក់ ស្រី ៩១០នាក់ និងបានប្រឡងជាប់ចំនួន ១ ៣៦៤នាក់ ស្មើនឹង ៨០,៥២ភាគរយ ស្រី ៧៥៩នាក់ ស្មើនឹង ៨៤,១៥ភាគរយ ក្នុងនោះ៖ បេក្ខជនប្រឡងជាប់ និទ្ទេស A ២១នាក់ ស្រី ១៣នាក់, និទ្ទេស B ១១៦នាក់ ស្រី៧៧នាក់, និទ្ទេស C ៣២៥នាក់ ស្រី១៨៤នាក់, និទ្ទេស D ៤៩៦នាក់ ស្រី២៧៥នាក់,

និង និទ្ទេស E ៤០៦នាក់ ស្រី២១០នាក់ ។ លទ្ធផលនេះបើធៀបនឹងឆ្នាំសិក្សា២០២០ ២០២១ មានការកើនឡើងចំនួន ៤,៨៥ភាគរយ ស្រីកើនឡើង ៥,១៤ភាគរយ និទ្ទេស A កើន ១នាក់។

ឯកឧត្តម អភិបាលខេត្តបានបន្តថា តាមគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដែនដីនៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក និងអភិវឌ្ឍន៍ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិទំនើបប្រកបដោយចីរភាព តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញ-ចូលអន្តរជាតិ មជ្ឈមណ្ឌលភ័ស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២១-២០២២ និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សឱ្យទទួលបានលទ្ធផលល្អ ទោះបីកម្ពុជា ពិសេសខេត្តព្រះសីហនុ រងផលប៉ះពាល់វិបត្តិកូវីដ-១៩ ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូ នៅតែបន្តការបណ្តុះបណ្តាលសិស្ស តាមរយៈប្រព័ន្ធអនឡាញ និងការបង្រៀនជាក្រុម ធ្វើឱ្យលទ្ធផលប្រឡងទទួលបាននិទ្ទេស A ចំនួន ២១នាក់។

ឯកឧត្តម សាយ សំអាល់ បន្តថា សម័យតេជោសន្ដិភាព ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួសារយើងទាំងអស់គ្នា ។ ទន្ទឹមនោះសិស្សានុសិស្ស ក្នុងខេត្តព្រះសីហនុ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការយកចិត្តទុកដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត ។ ពិសេសការអប់រំ ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលខេត្តព្រះសីហនុ មានផ្លូវ ទឹក ភ្លើង កំពង់ផែសមុទ្រទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវល្បឿនលឿនជាដើម។

ក្នុងឱកាសនោះដែរឯកឧត្តម សាយ សំអាល់ បានផ្តល់រង្វាន់ជូនសិស្សនិទ្ទេសស A ២១នាក់ ដោយម្នាក់ៗទទួលបានម៉ូតូ SUZUKI Lete ០១គ្រឿង ថវិកា១លានរៀល និងប័ណ្ណសរ សើរ១ ។ និទ្ទេស B ១១៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល និងប័ណ្ណសរសើរ១។ និទ្ទេស C ៣២៥នាក់ ដោយម្នាក់ៗទទួលបានថវិកា ៣០ម៉ឺនរៀល។ និទ្ទេស D ៤៩៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល និងនិទ្ទេស E ៤០៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment