ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Sunday, October 9, 2022

សម្តេចតេជោ ហ៊ុន សែន ឯកភាពចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ទទួលបានបណ្ណក្រីក្រប្រភេទ១និងយកការឧបត្ថម្ភក្នុងទីប្រជុំជនដូចគ្នាទាំងអស់

អ្នកទស្សនា: Views

 

ភ្នំពេញ: ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពលើសំណើផ្លាស់ប្តូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំង«ជនបទ»ទៅជា«ទីប្រជុំជន» និងទីតាំងទាំងឡាយដែលពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទៅតាមកំណត់របស់រាជរដ្ឋាភិបាលត្រូវបានកំណត់ជា «ទីតាំងប្រជុំជន» ជាពិសេសអ្នក ស្ម័គ្រចិត្តទៅរស់នៅទាំងតំបន់រុនតាឯក ទាំងតំបន់ពាក់ស្នែង ត្រូវបានទទួលបណ្ណក្រីក្រ ប្រភេទ១ ដូចគ្នា និងយកអត្រាឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា។

នេះបើតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបលិខិតរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានគោរពផ្ញើជូនដល់សម្តេចតេជោ នាយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។ ក្នុងចំណារនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យប្រញាប់បើកផ្ដល់ ដោយប្ដូរពីអាត្រាក្នុងទីជនបទ មកអាត្រាក្នុងទីប្រជុំជនវិញ។

របាយការណ៍របស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានគោរពផ្ញើជូនដល់សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីលទ្ធផលនៃការអនុវត្តការ ផ្ទៀងផ្ទាត់បណ្ណសមធម៌ថ្មីប្រភេទក្រីក្រ១ និងការប្តូរបណ្ណក្រីក្រថ្មីប្រភេទ១ នៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ក្រុមការងារមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច សហការជាមួយមន្ទីរខេត្ត និងរដ្ឋ បាលឃុំរុនតាឯក ដោយមានការសហការគាំទ្រពីអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងផែនការ បានចាប់ផ្ដើមធ្វើការផ្ទៀងផ្ទាត់ឈ្មោះជូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយគិតត្រឹមម៉ោង ១៧:០០ នៃថ្ងៃនីមួយៗ ដោយទទួលបាននូវលទ្ធផល៖

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ គឺ ១- គ្រួសារក្រីក្រទទួលបានបណ្ណក្រីក្រថ្មី បានផ្ទៀងផ្ទាត់ និងបើកប្រាក់ បានចំនួន ៩២៧គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ១៨០ ៨៨៨ ០០០ រៀល។ ២- គ្រួសារកំពុងទទួលផល ដែលប្តូរបណ្ណថ្មីចំនួន ២៨៨បណ្ណ។  ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ គឺ ១- គ្រួសារក្រីក្រទទួលបានបណ្ណក្រីក្រថ្មី បានផ្ទៀងផ្ទាត់ និងបើកប្រាក់ បានចំនួន ១ ២១០ គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ២៣៣ ៣៦៨ ០០០ រៀល។ ២- គ្រួសារកំពុងទទួលផល ដែលប្តូរបណ្ណថ្មីចំនួន ៣៨៣បណ្ណ។ ថ្ងៃទី០៨ ខែតុលា  ឆ្នាំ២០២២ គឺ ១- គ្រួសារក្រីក្រទទួលបានបណ្ណក្រីក្រថ្មី បានផ្ទៀងផ្ទាត់ និងបើកប្រាក់ បានចំនួន ១ ០២០ គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ១៨៨ ២៨៨ ០០០ រៀល។ ២- គ្រួសារកំពុងទទួលផល ដែលប្តូរបណ្ណថ្មីចំនួន ៣៥០បណ្ណ។

សរុបក្នុងរយៈពេល៣ថ្ងៃនេះ ១-គ្រួសារក្រីក្រទទួលបានបណ្ណក្រីក្រថ្មី បានផ្ទៀងផ្ទាត់ និងបើកប្រាក់បាន ចំនួន ៣ ១៥៧គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ៦០២ ៥៤៤ ០០០ រៀល។ ២- គ្រួសារកំពុងទទួលផល ដែលប្តូរបណ្ណថ្មី ចំនួន ១ ០២១បណ្ណ ។ ចំពោះគ្រួសារកំពុងទទួលផល ដែលប្តូរបណ្ណថ្មីនឹងត្រូវទៅផ្ទៀងផ្ទាត់ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ខែតុលា ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តទៅ ដោយសារគ្រួសារទាំងនោះបានបើកប្រាក់សម្រាប់ខែកញ្ញា ឆ្នាំ២០២២ រួចហើយ៕

ដោយ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment