ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, October 5, 2022

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣

អ្នកទស្សនា: Views



កំពង់ឆ្នាំង៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៤០អាណត្តិទី៣ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ផងដែរ ។ កិច្ចប្រជុំសាមញ្ញលើកទី៤០នេះ បានប្រកាសឯកឧត្តម វ៉ាន់ សុធី ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ជំនួសលោកជំទាវឈុំច័ន្ទសុខ ដែលទទួលមរណភាព ។
 មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងអំពីវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ខេត្តកំពង់ឆ្នាំង ដែលរួមមាន ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទេសចរណ៍ និង អនាម័យ ។ ក្នុងរយៈពេលកន្លងមកនេះ មន្ទីរជំនាញអង្គភាពជុំវិញខេត្តតែងតែបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់លើកិច្ចអភិវឌ្ឍន៍វិស័យជំនាញ ដោយកចិត្តទុកដាក់បំផុតក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្រៅពីនេះអាជ្ញាធរមូលដ្ឋានក៏បានធ្វើការចូលរួមកែលម្អនូវរាល់ចំណុចខ្វះខាតក្នុងការអនុវត្តន៍បំពេញការងារដើម្បីបង្កើននូវប្រសិទ្ធភាពការងារ ក្នុងការបម្រើ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

 ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ដែលរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និង មន្ទីរអង្គភាពជុំវិញ បានអនុវត្តកន្លងមកនេះ ដែលមានភាពប្រសើរ ប្រជាពលរដ្ឋរស់នៅដោយមានសន្តិសុខ សុវត្ថិភាព មានជីវភាពល្អប្រសើរ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់មន្ទីរអង្គភាពជំនាញនិង អាជ្ញាធរ មូលដ្ឋាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍមូលដ្ឋាន ដូចជាការបង្កើតនូវសក្តានុពលនានាដើម្បីបង្កើនការអភិវឌ្ឍខេត្ត និង ការពង្រឹងរៀបចំសណ្តាប់ធ្នាប់នៅតាមទីប្រជុំជនឱ្យបានល្អប្រសើរ ។ ឯកឧត្តមបានបញ្ជាក់ថា នៅចំពោះមុខនេះ អាជ្ញាធរខេត្ត និង នៅតាមមូលដ្ឋាន ពិសេស

នៅតាមដងទន្លេ ត្រូវបន្តយកចិត្តទុកដាក់ ការកើនឡើងនៃទឹកជំនន់ ដើម្បីត្រៀមបង្ការជួយប្រជាពលរដ្ឋ ក្នុងការបម្លាស់ទីរកទីទួលសុវត្ថិភាព ។ ពង្រឹងការអនុវត្តន៍វិធានការ ការពារជំងឺកូវីដ១៩ និង បន្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ។ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខ ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកំពង់លើកទី៤០នេះ ក៏បានលើកឡើងអំពីចំណុចអវិជ្ជមាន មួយចំនួនដែលតែងតែកើតឡើង ដើម្បីកែលម្អពិសេសនៅក្នុងក្រុងកំពង់ឆ្នាំង ដែលទាមទារឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមដោះស្រាយបញ្ហានេះ ដូចជាសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារលើ លក់ដូរលើផ្លូវសាធារណៈ បញ្ហាអនាម័យ និង បរិស្ថានជាដើម ៕


0 Reviews:

Post a Comment