ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, October 5, 2022

ឯកសារសំខាន់ៗចំនួនពីរ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានៅកម្ពុជា

អ្នកទស្សនា: Views

 (ភ្នំពេញ): ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីដែលធ្វើឡើងនាល្ងាចថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ានូអែល ម៉ារ៉េ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេ ខាលើឯកសារ មួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត។

ឯកសារសំខាន់ទាំងនោះ រួមមាន ១. កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវប្បធម៌រាងកាយ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាសាធារណរដ្ឋគុយបា ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Osvaldo Vento Montiller ប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសាធារណរដ្ឋគុយបា។

២. ឯកសារកម្មវិធីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់រយៈពេល ពីឆ្នាំ ២០២២-២០២៧ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម Rodrigo Malmierca Díaz រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគបរទេស នៃសាធារណរដ្ឋគុយបា និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ានូអែល ម៉ារ៉េ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ម៉ានូអែល ម៉ារ៉េ គ្រុស ក៏នឹងចូលជួបសម្តែង ការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េ គ្រុស ក៏បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរម រតនកោដ្ឋ“ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ម៉ានូអែល ម៉ារ៉េត្រុស និងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនង យូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជាគូសបញ្ជាក់ ពីតម្រូវការក្នុង ការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែប្រសើរ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕ ដោយ៖ ជឹម ណារីសម្រួលដោយ៖ដារ៉ា

0 Reviews:

Post a Comment