ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, June 21, 2022

មន្រ្ដីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍៖ ពលរដ្ឋឌីជីថល គឺសំដៅដល់ការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារ និងការរស់នៅប្រចាំថ្ងៃ

អ្នកទស្សនា: Views


(ភ្នំពេញ): ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ពលរដ្ឋឌីជីថល គឺសំដៅដល់ការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការគូសបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្ទៀងផ្ទាត់លទ្ធផល និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ» កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ ដោយមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ប្រតិបត្តិករទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល ដែលត្រូវបានកំណត់ជាតួអង្គពាក់ព័ន្ធសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថលនៅប្រទេសកម្ពុជា។

ឯកឧត្តម អេ សុភា បានមានប្រសាសន៍ថា ដូចនេះដើម្បីប្រែក្លាយប្រជាជនកម្ពុជាឱ្យទៅជាពលរដ្ឋឌីជីថលគឺចាំបាច់ត្រូវកសាងសង្គមមួយដែលមានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល។ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងថា គោលដៅសំខាន់មួយក្នុងការសម្រេចនូវគោលដៅនេះ គឺការរៀបចំតាក់តែង និងអនុវត្តន៍ក្របខ័ណ្ឌ និងយុទ្ធសាស្ត្រសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ (MIDL) ដែលជាស្នូលនៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសក្តានុពលរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើកមួយ។

សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំឡើងរយៈពេលពីរថ្ងៃគឺ ចាប់ពីថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២ ដោយមានការសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណង កំណត់និយមន័យ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងឌីជីថលថ្នាក់ជាតិ(MIDL) ក្នុងបរិបទសង្គមកម្ពុជាស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងពលរដ្ឋឌីជីថល។ កំណត់ប្រព័ន្ធអេកូឡូស៊ីនៃ MIDL នៅកម្ពុជា និងធ្វើបទបង្ហាញ ពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់លទ្ធផលលើសេចក្តីព្រាងក្របខ័ណ្ឌសមត្ថភាព MIDL និងចំណុចអាទិភាព។ កំណត់ភាគីពាក់ព័ន្ធនឹង MIDL និងអ្នកចូលរួមអនុវត្តន៍ក្របខ័ណ្ឌដែលមានភារកិច្ចលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល និងលើកឡើង ព្រមទាំងកំណត់មធ្យោបាយផ្សេងៗដែលរដ្ឋាភិបាល និងភាគីពាក់ព័ន្ធអាចយកក្របខ័ណ្ឌនេះទៅអនុវត្តន៍បាន៕ដោយ រិទ្ធី ប្រភព៖ ក្រសួងប្រៃសណីយ៍ សម្រួលផ្សាយដោយ៖ DARA

0 Reviews:

Post a Comment