ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, March 9, 2022

ឯកឧត្តម វេង សាខុន នាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន៤០តោនរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ១ ០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ

អ្នកទស្សនា: Views



ឧត្តរមានជ័យ :ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រឹកថ្ងៃ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងសហការីថ្នាក់ជាតិ និងថ្នាក់ខេត្ត បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន៤០តោន មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ (តំណាងឱ្យប្រជាពលរដ្ឋចំនួន ១ ០០០គ្រួសារ) ដែលអញ្ជើញមកពីស្រុកចុងកាល់ចំនួន៣០០គ្រួសារ ក្រុងសំរោងចំនួន៤២៥គ្រួសារ និងស្រុកបន្ទាយអំពិល ចំនួន២៧៥គ្រួសារ ។

ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងសមិទ្ធផលសំខាន់ៗដែលខេត្តសម្រេចបាន ជាពិសេសលើការងារបង្កបង្កើនផល និងសកម្មភាពចូលរួមយ៉ាងសកម្ម ដោយស្មារតីទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាយដាលជំងឺឆ្លងកូវីដ-១៩ តាមរយ:ការផ្តល់សម្ភារបរិក្ខារពេទ្យ ការរៀបចំកន្លែងធ្វើចត្តាឡីស័ក ការជួយអន្តរាគមន៍សង្គ្រោះនិងព្យាបាលអ្នកឆ្លងជំងឺជាដើម ។ ដោយឡែកការងារបង្កបង្កើនផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត តាមរយ:គម្រោងកម្មវិធីដោយបានផ្តល់ជាគ្រាប់ពូជបន្លែ ត្រី ពូជមាន់ និងធាតុចូលកសិកម្មមួយចំនួនទៀត។ តាមរយ:ជំនួយឧបត្ថម្ភនេះ ធ្វើឱ្យសន្តិសុខស្បៀងក្នុងគ្រួសារនីមួយ ៗ របស់បងប្អូនប្រជាកសិករត្រូវបានធានា ។

ឯកឧត្តមអភិបាលខេត្តសន្យាថា នឹងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខេត្តខ្វះស្បៀងឡើយ ឯកឧត្តមក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយភាគីពាក់ព័ន្ធ ត្រូវខិតខំពង្រឹង និងពង្រីកការងារបង្កបង្កើនផលបន្ថែមទៀត ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀងនៅទូទាំងខេត្តឧត្តរមានជ័យ ទៀតផង ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់បងប្អូនគ្រប់កាល:ទេស:ទាំងអស់ និងគ្រប់ទីកន្លែងលើផ្ទៃប្រទេស " ទីណាមានការលំបាក ទីនោះត្រូវតែមានដំណោះស្រាយ" បានទាន់ពេល និងមានប្រសិទ្ធភាពបំផុត។ ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាពិសេសជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗជាច្រើនទាំងវិធានការសេដ្ឋកិច្ច វិធានការច្បាប់និងរដ្ឋបាល និងវិធានការសុខាភិបាល សំដៅទប់ស្កាត់ឱ្យខាងតែបាននូវការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសបើកឱ្យដំណើរការសកម្មភាពសង្គម បំណងស្តារសេដ្ឋកិច្ចជាតិយើងឡើងវិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា អង្ករ ៤០គីឡូក្រាមក្នុងមួយគ្រួសារ ជាជំនួយបឋម នៅមានជំនួយជាបន្តបន្ទាប់ទៀតតាមរយ:កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជួយមួយចំនួនទៀត ។ ទាំងអស់នេះ គឺជាឆន្ទ:ជួយគ្នាក្នុងគ្រាក្រ ស្របតាមយុទ្ធប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ " រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យសមាជិកគ្រួសារណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើយ "។

ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងផលិតស្បៀង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលជាសេនាធិការរបស់ក្រសួង ត្រូវបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផល ដោយត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ បំណងស្វះស្វែងរកជំនួយបន្ថែមទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋាន ដើម្បីយកមកជួយប្រជាកសិករទាំងក្នុងពេលបន្ទាន់ និងរយ:ពេលវែង ព្រមទាំងធ្វើការលើកទឹកចិត្តដល់បងប្អូនឱ្យខិតខំធ្វើការដាំដុះ ចិញ្ចឹមសត្វ និងត្រី ដើម្បីធានាសន្តិសុខស្បៀងប្រចាំថ្ងៃក្នុងគ្រួសារ ៕ ដោយ ទិត ស្រ៊ សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment