ភ្នំពេញ៖ក្រៅពីមានតួនាទីជាម្តាយដ៏ល្អលើការងារគ្រប់គ្រងនិងថែទាំក្រុមគ្រួសារ ស្ត្រីគឺជាដៃគូសហការ និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិ វឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងកម្មវិធីអបអរទិវាអន្តរជាតិនារី នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
ឆ្លងកាត់ការងារក្នុងពិភពអាជីវកម្ម លោកឧកញ៉ាសង្កេតឃើញថា ម្ចាស់អាជីវកម្មធនតូចនិងមធ្យមភាគច្រើនស្ត្រីជាអ្នកគ្រប់គ្រង និងដឹកនាំ ដូចជាការលក់ចាប់ហួយម្ហូប អាហារសំលៀកបំពាក់មុខរបរកសិកម្មនិងសម្ភារៈផ្សេងៗទៀតលើសពីនេះរួមទាំងការងារចាត់ចែងការចំណាយផ្សេងៗក្នុងក្រុមគ្រួសារផងដែរ។
លោកបានបញ្ជាក់ថាជាក់ស្តែងនៅបណ្តាញគ្រឹះស្ថានអប់រំវេសឡាញអេឌ្យូខេសិនគ្រុបមានបុគ្គលិកជាស្ត្រីជិត៧០ភាគរយបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងអភិវឌ្ឍសាលារៀន។
ចំពោះសមាសភាពរវាងបុរស និងស្ត្រីវិញ លោកឧកញ៉ាបានបន្តទៀតថា ក្នុងការបំពេញការងារនិងការសម្រេចចិត្តលើការអភិវឌ្ឍស្ថាប័ន និងសង្គមជាតិគឺត្រូវទាមទារឲ្យមានការចូលរួមសហការពីស្ត្រីតាមរយៈសកម្មភាពចូលរួមនិងការបញ្ចេញគំនិតយោបល់ដើម្បីទទួលបានការសម្រេចចិត្តល្អមួយ។
លោកឧកញ៉ាបានលើកទឹកចិត្តដល់ស្ត្រីត្រូវមានចក្ខុវិស័យ និងគោលដៅដ៏ច្បាស់លាស់នៅពេលអនាគត ផ្តល់តម្លៃនិងអំណាច មានទំនុកចិត្តខ្ពស់និងមិនរើសអើងនឹងខ្លួន ឯង បង្កើនភាពពេញលេញនិងគ្រប់ជ្រុងជ្រោយក្នុងការបំពេញកាតព្វកិច្ចការងារ អភិវឌ្ឍសមត្ថភាពនិងបង្ហាញពីសក្តានុពលខ្លួនឯង ដើម្បីទទួលបានឋានៈនិងតួនាទីក្នុង សង្គមបន្តទៀត។
សម្រាប់ទិសដៅរបស់ស្ថាប័នក្នុងការអភិវឌ្ឍស្ត្រី លោកឧកញ៉ានឹងពិភាក្សាស្វែងរកលទ្ធភាពផ្តល់អាហាររូបករណ៍ដល់កុមារី យុវតីរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលានានាដោយអញ្ជើញវាគ្មិនល្បីៗ ផ្នែកអាជីវកម្ម ឬវិស័យផ្សេងៗមកចែករំលែកបទពិសោធនិងចំណេះដឹង ដើម្បីកសាងភាពអង់អាចនិងពង្រឹងសមត្ថភាពបុគ្គលិកស្ត្រីឲ្យកាន់ តែប្រសើរឡើងបន្ថែមទៀត ៕
0 Reviews:
Post a Comment