ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, January 17, 2022

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ២០២៣

អ្នកទស្សនា: Views





ភ្នំពេញ ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានស្នើឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ លោកគ្រូ-អ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនី បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នា និង បង្កើនភាពស្និទ្ធស្នាល ក្នុងការជំរុញប្រភេទកីឡាការ៉ាតេកម្ពុជា ឱ្យកាន់តែខ្លាំងក្លា ប្រកបដោយឆន្ទៈមោះមុតបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកជោគជ័យ ពីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ 

 នេះជាការលើកឡើងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នៅក្នុងឱកាសបិទការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីថ្ងៃ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

 ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរៀបចំការប្រកួត កីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដោយតម្កល់ស្មារតីកីឡាការ៉ាតេឱ្យខ្ពស់ត្រដែត និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់មកដល់ពេលនេះ។ ដើម្បីពង្រឹងសក្តានុពលកីឡាការ៉ាតេ បន្ថែមទៀតលើឆាកអន្តរជាតិ ពិសេសការប្រកួតកីឡា SEA Games ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នៅកម្ពុជាឱ្យទទួលបានជោគជ័យ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ក្នុងនោះ បន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិ បត្តិការផ្ទៃក្នុងគ្រួសារការ៉ាតេ ឱ្យបានកាន់តែរឹងមាំ។ 

ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការបង្កើនគុណផលកីឡាការ៉ាតេឱ្យដល់កម្រិតខ្ពស់ ឈានទៅរកជ័យលាភីពីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់។ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEAKF Championship លើកទី៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០២២ ឱ្យបានរលូន ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងភាពជោគជ័យ។ ពេលវេលាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ ដូច្នេះឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏សំខាន់ ដែលយើងត្រូវធ្វើឱ្យប្រាកដប្រជា គ្រប់មុខងារទទួលខុសត្រូវ ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រយកប្រៀបឈ្នះ និងជ័យលាភីជូនសហព័ន្ធ និងជូនជាតិមាតុភូមិរបស់យើង។ 


 ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុបចំនួន ២២៧នាក់។ ចំពោះគណៈកម្មការរៀបចំមានចំនួន៧៧នាក់ ដែលបានខិតខំរៀបចំការប្រកួតអស់រយៈពេល៤ថ្ងៃ ដោយជំរុញឱ្យព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះ បានដំណើរការដោយរលូន និងកាត់បន្ថយបញ្ហាបានជាង ៩០ភាគរយ បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។ ដើម្បីតបស្នងចំពោះការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ និងការលះបង់របស់ថ្នាក់ដឹកនាំ ឯកឧត្តមអគ្គលេខាធិការ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែងបន្តជំរុញសកម្មភាពការងារកីឡាការ៉ាតេឱ្យទទួលបានគុណផលកីឡាមុតស្រួច និងជ័យលាភីជូនជាតិមាតុភូមិ ។ ជាពិសេសគឺការសម្រួចគោលដៅឱ្យទទួលបានជោគជ័យ ក្នុងឋានៈជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ សូមបញ្ជាក់ថា ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយច្រើនជាងគេ ឈ្នះបានមេដាយមាស១១គ្រឿង ប្រាក់៦ និងសំរឹទ្ធិ៤។ 

ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស៨ ប្រាក់២ និងសំរឹទ្ធិ៦។ លេខ៣ ក្លិប ហនុមាន មេដាយមាស៤ ប្រាក់៧ និងសំរឹទ្ធិ៨ ខណៈលេខ៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធិ១០គ្រឿង។ ក្រៅពី៤ក្លិបដែលឈ្នះមេដាយច្រើនជាងគេនេះ ក៏មានក្លិបជាច្រើនទៀត ដែលដណ្តើមបានមេដាយបានជាបន្តបន្ទាប់ ក្នុងចំណោមក្លិបចូលរួមចំនួន ២៤ក្លិបសមាគម-សាលាគុន និងមណ្ឌលកីឡាការ៉ាតេមកពីទូទាំងប្រទេស ដោយប្រកួតលើ ៣៤វិញ្ញាសា៕ អត្ថបទៈ ហេង ណាលីន រូបភាព៖ យឹម សុវឌ្ឍនា សម្រួលផ្សាយដោយ៖ ដារ៉ា


0 Reviews:

Post a Comment