ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, November 4, 2021

កុមារា គង់ សីហា និងក្រុមគ្រួសារ បានទទួលអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី និងសប្បុរសជន !

អ្នកទស្សនា: Views

  



សៀមរាប៖ ដោយមើលឃើញពីទុក្ខលំបាក របស់កុមារាក្រីក្រ ក្នុងស្រុកបន្ទាយស្រី ម្នាក់ ឈ្មោះគង់ សីហា មានជីវភាពក្រីក្រក្នុងគ្រួសារមួយ ដែលល្បីល្បាញដោយសារតែការមកចូលសាលារៀន ដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយប្រើថង់ប្លាស្ទិកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូននូវថវិកាចំនួន ២០លានរៀល ផ្ទះមួយខ្នង គ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ដល់ក្រុមគ្រួសាររូបនេះ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍នៅក្នុងពេលនាំយកថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ជូនគ្រួសារកុមារា គង់ សីហា នៅថ្ងៃទី០៣ ខែវិច្ឆិកា នេះថា បន្ទាប់ពីឃើញនូវរូបភាពរបស់ក្មួយប្រុស គង់ សីហា ដែលទៅសាលារៀនគ្មានស្បែកជើងពាក់ រីឯប័ណ្ណចាក់វ៉ាក់សាំងបានច្រកចូលក្នុងថង់ប្លាស្ទិកពាក់ជាប់នឹងក ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់អង្គការមួយ សម្តេចប្រមុខរាជរដ្ឋាភិបាល បានចាត់តាំងឲ្យឯកឧត្តម នាំយកជំនួយថវិកាចំនួន ២០លានរៀន ដែលថវិកានេះ សម្រាប់ដោះស្រាយជីវភាព និងផ្គត់ផ្គង់ការរៀនសូត្ររបស់កុមារា គង់ សីហា។ ឯកឧត្តមបន្តថា ក្រៅពីថវិកា សម្តេចតេជោ ក៏បានចាត់តាំងឲ្យសាងសង់ផ្ទះមួយខ្នងសមរម្យជូនដល់ក្រុមគ្រួសារកុមារា សីហា ផងដែរ។ ក្រៅពីជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសប្បុរសជននានា ឯកឧត្តមទៀ សីហា ក៏បានជម្រុញឲ្យរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីជួយស្វះស្វែងរកមុខរបរណាសម្រាប់ឪពុកម្តាយរបស់កុមារាគង់ សីហា បានប្រកបចិញ្ចឹមជីវិត និងបានផ្គង់កូនរៀនបន្តទៀត។ ជាមួយនឹងរូបភាពដ៏កម្សត់នេះ សប្បុរសជននានា ក៏បានផ្តល់ជូននូវជំនួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ។

ព្រះគ្រូ ហាក់ សៀងហៃ ប្រធានអង្គការពុទ្ធសាសនា ដើម្បីការអប់រំ នៃកម្ពុជា បានមានដីកាថា កាលពីនៅវ័យកុមារ ជីវិតព្រះអង្គបានជួបការលំបាកច្រើនទាំងការតស៊ូ និងការគេចពីសង្គ្រាម តែក៏មិនលំបាកដូចកុមារា គង់ សីហា នេះទេ។ ព្រះអង្គបន្តថា ដោយមើលឃើញពីការលំបាកនេះ សប្បុរសជននានា តាមរយ:ព្រះអង្គ ក៏បានផ្តល់ជូននូវថវិកា និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ដល់គ្រួសារកុមារាសីហា សម្រាប់ដោះស្រាយជីវភាព និងអាចបន្តឲ្យរូបគេបានរៀនបន្តទៀត។

កុមារា គង់ សីហា អាយុ ៧ឆ្នាំរស់នៅជាមួយឪពុកម្តាយ ដែលសុទ្ធសឹងមិនចេះអក្សរ ក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


0 Reviews:

Post a Comment