Tuesday, October 26, 2021

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំប្រចាំខែ និងប្រជុំគណៈបញ្ជាការឯកភាពខេត្ត

អ្នកទស្សនា: Views


ព្រះសីហនុ :ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរ អង្គភាព និងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងដែនសមត្ថកិច្ចរបស់យើង កន្លែងដែលប្រព្រឹត្តបទល្មើស ឯកឧត្តមនឹងដឹកនាំបញ្ជាបើកប្រតិបត្តិការដោយផ្ទាល់ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ដោយមិនអនុញ្ញាតឱ្យជនល្មើសប្រព្រឹត្តបទល្មើស នៅលើទឹកដីនៃខេត្តព្រះសីហនុនោះឡើយ។ ដើម្បីគ្រប់គ្រងការពារ សន្តិសុខ សុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ ដូច្នេះយើងត្រូវបង្កើនកិច្ចសហការគ្នារវាងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រោះយើងមានបទពិសោធន៍ល្អៗជាច្រើន ដែលបានបំពេញការងារកន្លងមកជាមួយគ្នា ជាពិសេសក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើងនាពេលកន្លងទៅទទួលបានលទ្ធផលល្អ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា កិច្ចការដែលយើងត្រូវយកចិត្តទុកដាក់ពេលនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយនៅតាមភូមិ ឃុំ សង្កាត់ទាំង២៩ កំពុងបន្តចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។ ដូច្នេះលោក លោកស្រីជាអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតាមដានកាងារជាប់ជាប្រចាំ ដើម្បីរក្សាសន្តិសុខ ផ្សាភ្ជាប់ទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំបន្ទាប់ ៕

ដោយ ងូ សុមុនី

0 Reviews:

Post a Comment