កំពត៖ ព្រឹកថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅសាលាស្រុកដងទង់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិស្រែជាខាងជើង ឃុំដងទង់ ជាមួយក្រុមហ៊ុនសេង សម្បត្តិ។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកដងទង់ តំណាងក្រុមហ៊ុនសេងសម្បត្តិ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បន្ទាប់ពីតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋឡើងមានមតិផ្តល់អំណះអំណាងរៀងៗខ្លួនមក ឯកឧត្តមអភិបាលខេត្តបានធ្វើការសម្រេចដូចខាងក្រោម៖
-ក្រុមហ៊ុនដែលបានទិញសិទ្ធអាស្រ័យផល ពីបងប្អូនប្រជាពលរដ្ឋទាំង១៩ គ្រួសារ ដូច្នេះក្រុមហ៊ុននៅបន្តអាស្រ័យផលដដែល ហើយក្រុមហ៊ុនត្រូវស្នើសុំច្បាប់អភិវឌ្ឍនតាមនីតិវិធីច្បាប់
-ចំពោះលិខិតស្នាមពាក់ព័ន្ធជាមួយអាជ្ញាធរ ឯកឧត្តមនឹងពិនិត្យស្រាវជ្រាវទៅលើផ្លូវច្បាប់ ថាតើមន្ត្រីណាម្នាក់ដែលអនុវត្តផ្ទុយពីច្បាប់ មន្ត្រីនោះនឹងត្រូវទទួលវិធានការរដ្ឋបាល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត សម្រួលផ្សាយដោយ៖ ដារ៉ា
0 Reviews:
Post a Comment