ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, November 21, 2024

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM-18) ក្រោមមូលបទ អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់ នៅទីក្រុងវៀងច័ន្ទ

អ្នកទស្សនា: Views


(ឡាវ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM-18) នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ វៀងច័ន្ទ។

នាថ្ងៃទី២០ ខែវិច្ឆិកា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM-18) បានចាប់ផ្ដើមនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ។

គណៈប្រតិភូការពារជាតិកម្ពុជា ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ និងកិច្ចប្រជុំដែលពាក់ព័ន្ធចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមនាយឧត្តមសេនីយ៍ ច័ន្ទសាមន ច័ន្ទយ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខក្នុងតំបន់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម ជាពិសេសខណៈពេលមានភាពមិនប្រាកដប្រជាជាសកលកាន់តែច្រើនឡើងនាពេលបច្ចុប្បន្ន។

ឯកឧត្តមបានកត់សម្គាល់ថា កិច្ចប្រជុំ ADMM លើកទី១៨ ក្រោមមូលបទ «អាស៊ាន៖រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» ផ្តោតលើស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងប្រទេសជាដៃគូអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងលើកកម្ពស់តំបន់អាស៊ានប្រកបដោយសន្តិភាព វិបុលភាព និងភាពធន់។

ថ្លែងក្នុងកិច្ចប្រជុំ ADMM លើកទី១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះក្រសួងការពារប្រទេសឡាវក្នុងការបំពេញកាតព្វកិច្ចជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងនាមជាប្រធានកិច្ចប្រជុំ ADMM និង ADMM-បូក ក្នុងឆ្នាំ២០២៤។

កិច្ចប្រជុំ ADMM លើកទី១៨ ក្នុងឱកាសនោះ បានអនុម័ត និងសម្រេចលើឯកសារសំខាន់ៗមួយចំនួនរួមមាន៖ ពិធីសារសម្រាប់អ្នកសង្កេតការណ៍ក្រុមការងារជំនាញADMM-បូក ដែលត្រូវបានសហការរៀបចំឡើងដោយប្រទេសឡាវ ហ្វីលីពីន និងសិង្ហបុរី, ឯកសារយុទ្ធសាស្ត្រអនាគតរបស់ ADMM និង ADMM-បូក របស់ប្រ៊ុយណេនិងសិង្ហបុរី ដែលឯកសារនេះគូសបញ្ជាក់អំពីវិធីសាស្ត្រសម្លឹងទៅខាងក្រៅរបស់អាស៊ានដើម្បីជំរុញទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកជាមួយដៃគូខាងក្រៅខណៈដែលប្រកាន់ខ្ជាប់នូវមជ្ឈភាព និងការឯកភាពរបស់អាស៊ានជាស្នូល។

កិច្ចប្រជុំបានសម្រេចលើសំណើមួយចំនួន ដូចជា សំណើរបស់សហរដ្ឋអាមេរិក សុំរៀបចំលំហាត់លម្ហ សមុទ្រអាស៊ាន-អាមេរិក លើកទី២ នៅឆ្នាំ២០២៥, សម្រេចលើការវាយតម្លៃការអនុវត្តកម្មវិធីសង្កេតការណ៍ ឆ្នាំ២០២១-២០២៣, និងសម្រេចលើសំណើសុំសង្កេតការណ៍ក្រុមការងារជំនាញ ADMM-បូក របស់ប្រទេសកាណាដា បារាំង និងអង់គ្លេស សម្រាប់ឆ្នាំ២០២៤-២០២៧។ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍របស់ឡាវលើការប្រុងប្រៀបរបៀបវារៈសម្រាប់កិច្ចប្រជុំ ADMM បូក លើកទី១១ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាចុងបញ្ចប់ កិច្ចប្រជុំបានអនុម័ត «សេចក្តីប្រកាសរួមទីក្រុងវៀងច័ន្ទន៍ ស្តីពីអាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃADMM និង ADMM បូក ក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់។

សេចក្តីប្រកាសនេះបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលដៅសំខាន់ៗដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងការពង្រឹងភាពជាកណ្តាល និងឯកភាពរបស់អាស៊ាន និងរក្សាបាននូវនិម្មាបនកម្មតំបន់ផ្អែកលើច្បាប់ស្របតាមអន្តរជាតិ និងសម្រាប់ផលប្រយោជន៍ប្រជាជន៕

0 Reviews:

Post a Comment