(ភ្នំពេញ)៖ ទន្ទឹមនឹងការកោតសរសើរចំពោះការរៀបចំប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងថា នៅប៉ុន្មានថ្ងៃនេះ កម្ពុជាបាននាំក្បាច់គុនល្បុកតោទៅសម្ដែង នៅខេត្តហឺណាន ប្រទេសចិន ដែលការបង្ហាញនេះមិនមែនសម្រាប់តែក្នុងប្រទេសទេ ប៉ុន្តែបង្ហាញដល់អន្តរជាតិថែមទៀត។
គួរជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមកីឡាករគុនល្បុក្កតោកម្ពុជា បានចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
នាពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសកម្មភាពរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ដែលបានដឹកនាំក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា នៅខេត្តហឺណាននោះ។
សម្ដេចបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «ការចូលរួមនេះមិនត្រឹមតែបង្ហាញក្បាច់គុនដូនតាយើងនៅក្នុងប្រទេសទេ ថែមទាំងបង្ហាញនៅលើឆាកអន្តរជាតិថែមទៀត នេះគឺជាការផ្សព្វផ្សាយដ៏សំខាន់ពីក្បាច់គុនខ្មែរយើង»។
សម្ដេចបានបន្តថា ក្រៅពីការចងក្រង ការអនុវត្ត ការប្រើប្រាស់ តែការផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរក៏ជាកិច្ចការសំខាន់ដែរ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងប្រទេស និងភ្ញៀវអន្តរជាតិកាន់តែស្គាល់ពីក្បាច់គុន វប្បធម៌ និងសក្ដានុពលផ្សេងៗរបស់កម្ពុជា។
សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៤ នាពេលកន្លងទៅ នៅលើទឹកដីសៀមរាប-អង្គរ រដ្ឋបាលខេត្តហឺណានបានដឹកនាំអ្នកសម្តែងនិងកីឡាករសៅលីញ មកសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ When Shaolin Meets Bokator at Angkor ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ហើយឱកាសនេះ កម្ពុជាបាននាំល្បុក្កតោទៅជួបសៅលីញនៅខេត្តហឺណាន ប្រទេសចិនវិញម្តង។
តាមរយៈព្រឹត្តិការណ៍អន្តរជាតិនេះដែលមានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបប្រមាណ១,២០០នាក់ និងសិស្ស គ្រូសម្តែងក្បាច់គុនមានចំនួនប្រមាណ៣ម៉ឺននាក់៕
0 Reviews:
Post a Comment