ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, August 27, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលនឹងទូទាត់សង រាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ

អ្នកទស្សនា: Views

 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងទូទាត់សងរាល់ផលប៉ះពាល់ក្នុងគម្រោង​សាង​សង់​ព្រែកជីកហ្វូណនតេជោ។ តែទោះជាយ៉ាងណា ឯកឧត្តម ស៊ុន ចាន់ថុល បានសុំការ​យោគយល់ចំពោះប៉ះពាល់ទាំងឡាយ ហើយរាជរដ្ឋាភិបាលនឹងព្យាយាម​កាត់បន្ថយ​ផល​ប៉ះពាល់ឱ្យបានខ្ពស់បំផុត។

ក្នុងដំណើរចុះពិនិត្យតម្រាយផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើទៅប្រជា​ពល​រដ្ឋកុំឱ្យមានការព្រួយបារម្ភលើសំណងនៃផលប៉ះពាល់។ ឯកឧត្តមបានឱ្យដឹងថា មន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះទៅសិក្សារាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយ​ទូទាត់សងលើការប៉ះពាល់នោះ សូម្បីតែដើមឈើហូបផ្លែនានា ក៏នឹងត្រូវទូទាត់​សង​ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ «រាជរដ្ឋាភិបាលយើងដោះស្រាយ​តាម​​គោលនយោបាយ តាមច្បាប់តម្លាប់ដែលយើងមាន មិនមែនរំលោភយកដីពី​បងប្អូន​ប្រជាពលរដ្ឋមកកសាងព្រែកជីកនោះទេ។ សូមកុំជឿការញុះញង់រដ្ឋាភិបាលរំលោភ​យក​ដី មិនសងថវិកា មិនមែនទេ មិនមែនដាច់ខាត»។

សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ដែលជាកំណប់ទ្រព្យដ៏មានគុណតម្លៃផ្នែក​សេដ្ឋ​កិច្ច​របស់ខ្មែរ ត្រូវ​បានប្រកាសបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមសម្រែកសាទរយ៉ាង​មហស្ចារ្យ​នៅ​ទូទាំងនគរខ្មែរ។

គម្រោងនេះ នឹងធ្វើលើផ្លូវទឹកធម្មជាតិដែលមានស្រាបប្រវែងប្រមាណ​១៣៥​គីឡូ​ម៉ែត្រ។ តម្រាយនៃការសាងសង់ព្រែកជីកនេះ ភាគច្រើនជាវាលបឹង និងវាលស្រែ សម្រាប់លំនៅឋានប្រជាពលរដ្ឋប៉ះពាល់ច្រើននៅទីប្រជុំជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឱ្យដឹងថា គម្រោងព្រែកជីកនេះ ប៉ះពាល់ប្រហែលជា ១,៥០០ខ្នង ស្ពាន៣កន្លែង រោងចក្រ១ ដីលំនៅឋាន ១៤៩.៥ហិចតា ផ្លូវជាតិ ១៨ខ្សែ ប្រវែង ៤គីឡូម៉ែត្រ ផ្លូវលំ ៧០ខ្សែ ប្រវែង ៤៥គីឡូម៉ែត្រ ទំនប់ទឹក ២ខ្សែ ប្រឡាយទឹក ១៣ខ្សែ ដីស្រែ ២.៩ពាន់ហិកតា៕

0 Reviews:

Post a Comment