និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតផ្នែកវិទ្យាសាស្រ្ត សុខាភិបាលចំនួន ៤០៣នាក់ (នារី២៧៥នាក់) និងនិស្សិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំនួន ១៥៨នាក់ (នារី ៥៨នាក់)។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយជាមួយនិស្សិតទាំង៥៦១រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានសញ្ញាបត្រនាព្រឹកថ្ងៃនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីត្រេកអរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធាន មនុស្សប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសាកលវិទ្យាល័យពុទ្ធិសាស្ត្រ លើការខិតខំប្រឹងប្រែង និងបានធ្វើការប្តេជ្ញាខ្ពស់ ក្នុងការពង្រឹងគុណភាពអប់រំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមសាទរយ៉ាងកងរំពងចំពោះព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោនាថ្ងៃម្សិលមិញនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចូលរួមព្រឹត្តិការណ៍សាទរការបើកការដ្ឋានព្រែកជីកហ្វូណន បានបង្ហាញឱ្យឃើញច្បាស់នូវកម្លាំងឯកភាពជាធ្លុងក្នុងសង្គមខ្មែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ជាមួយនឹងបាវចនា ៥ គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យកអាទិភាព គន្លឹះ ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា» ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះតាយាយពីរនាក់ប្តីប្រពន្ធ ដែលបានជិះម៉ូតូដឹកគ្នាពីបាត់ដំបងមកមើលព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការបង្ហាញឱ្យឃើញពីការប្រឹងប្រែងពង្រឹងកិច្ចការពារអធិបតេយ្យជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារឿងល្អសម្រាប់ខ្មែរដែលព្រួយបារម្ភចំពោះការបាត់បង់ទឹកដី តែក៏ត្រូវផ្សារភ្ជាប់ជាមួយការគិតគូរ និងប្រឹងប្រែងពង្រឹងសមត្ថភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូទាយឈុតប៉ុណ្ណា ក៏មិនអាចព្យាករណ៍អនាគតបាននោះឡើយ លុះតែឃើញផ្ទាល់ភ្នែក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលខ្មែរមានការសង្ស័យគ្នា គឺជារឿងគ្រោះថ្នាក់ធំណាស់ ជាពិសេសនាំដល់ការបែកបាក់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យពលរដ្ឋខ្មែរ និងអ្នកសិក្សាស្រាវជ្រាវរង់ចាំមើលថា តើព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិឬយ៉ាងណា?
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នរណាចង់បានអ្វីជារឿងគេ តែសំខាន់គឺសម្តេចមិនឱ្យ គឺចប់ហើយ។ សម្តេចបន្តថា ខ្មែរមិនអន់ឯណា ខ្មែរអាចសង់អង្គរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្តិកម្មលើដី ពោលការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តើជាតម្រុយនាំឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិ ឬធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ?
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលសម្តេចនៅជាមេទ័ពសម្តេចចុះព្រំដែនច្រើនណាស់ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដីនៅតាមព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើរាជរដ្ឋាភិបាលគ្មានចេតនាការពារទឹកដី រាជរដ្ឋាភិបាលមិនប្រឹងប្រែងក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាងនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុនពេលកម្ពុជាធ្វើផ្លូវក្រវាត់ព្រំដែន ពលរដ្ឋរស់នៅតាមព្រំដែន បើចង់ឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀត គឺត្រូវឆ្លងទៅខាងទឹកដីវៀតណាម។ តែបច្ចុប្បន្នមិនលំបាកបែបនោះទៀតទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលខាងមុខដ៏ខ្លី រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លី ដោយយកប្រជាពលរដ្ឋការពារការកាប់ទន្ទ្រានដីធ្លី ក៏ដូចជាការពារបូរណភាពទឹកដី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមបន្ទាត់ព្រំដែន ត្រូវធ្វើផ្លូវពីរ ទី១ គឺផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវទី២ គឺផ្លូវក្រវាត់ព្រំដែន ប្រើក្នុងគោលដៅការពារបូរណភាពទឹកដី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា មានបរទេសខ្លះប្រាប់សម្តេចថាការឱ្យចិនវិនិយោគនៅព្រះសីហនុ នឹងធ្វើឱ្យបាត់អធិបតេយ្យជាតិ តែសម្តេចតបទៅវិញ អរគុណដែលបានប្រាប់ ប៉ុន្តែគ្មាននរណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងសម័យនេះមិនអាចរស់នៅដាច់ដោយឡែកបាននោះឡើយ គឺត្រូវមានទំនាក់ទំនង និងការរកស៊ីជាមួយគ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិ គឺជាការធ្វើអត្តឃាតនយោបាយ ហើយពលរដ្ឋមិនលើកលែងឱ្យនោះឡើយ។
0 Reviews:
Post a Comment