ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, May 17, 2024

ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មាន ចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

អ្នកទស្សនា: Views

     

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី១០ស្ថាប័នធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការដឹកនាំអ្នកសារព័ត៌មានចុះទៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)​ នៅពេលនេះគឺមានគោលបំណងឱ្យអ្នកសារព័ត៌មានបានស្វែងយល់កាន់តែស៊ីជម្រៅ និងទទួលបាននូវវឌ្ឍនភាព ស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាដើម្បីបង្កើនភាពស្និទ្ធស្នាល និងការផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមបង្ហាញថា នៅក្នុងការចុះស្វែងយល់ពីកម្មវិធីនេះដែរ អ្នកសារព័ត៌មានក៏អាចផលិត និងចេញផ្សាយមាតិកាព័ត៌មានកាន់តែច្រើនស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសតាមរយៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកៀរគរយុវជនគោលដៅ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣កន្លងទៅ។

ក្រោយដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់ជាតិនេះមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តការងារអាទិភាពនេះ លេចចេញជារូបរាងពិតប្រាកដ ។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ បានចាប់ផ្តើមបើកបវេសនកាលជាផ្លូវការសម្រាប់ជំហានទី១ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយធ្វើការបណ្តុះបណ្តាលដល់យុវជនលើជំនាញចំនួន៣៨ ក្នុងវិស័យសំខាន់ៗចំនួន១០ ដែលសុទ្ធសឹងជាតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

ការបណ្តុះបណ្តាលជំនាញនេះទៀតសោត ក៏កំពុងស្តែងចេញជាសមិទ្ធផលផ្លែផ្កាក្នុងការផលិតធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» ដោយមានយុវជនជាច្រើនបានបញ្ចប់ការសិក្សា និងបានចេញហាត់ការតាមសហគ្រាស ក្រុមហ៊ុននានា។ជាក់ស្តែងចាប់ពីថ្ងៃទី១៥ ខែឧសភានេះតទៅ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសបានចាប់ផ្តើមធ្វើតេស្តបញ្ចប់ការសិក្សាជំនាញរបស់សិស្ស ដើម្បីធានានូវគុណភាពធនធានកម្លាំងពលកម្មជំនាញ មុនចេញទៅធ្វើការងារតាមជំនាញរៀងៗខ្លួន។ យុវជនទាំងនេះជឿជាក់ថា ជំនាញដែលខ្លួនទទួលបានពីកម្មវិធីបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលនេះ នឹងជួយកែប្រែសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែធូរធារផងដែរ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕ ដោយ៖ កន ចំណាន

0 Reviews:

Post a Comment