ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, February 2, 2024

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍ ៧ចំណុច ដើម្បីចូលរួមលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជា

អ្នកទស្សនា: Views
(សៀមរាប)៖ ថ្លែងនាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ ៧ចំណុច ដើម្បីចូលរួមលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជា។

សន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានចូលរួមពីលោក ប៉ាន សូរស័ក្តិ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មាធិការទី៩ នៃរដ្ឋសភា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកអភិបាលរងនៃគណៈអភិបាលខេត្តចំនួន១០ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រតិភូសនិ្នសីទស្វាយចន្ទីពិភពលោក តំណាងដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

អនុសាសន៍ទាំង ៧ចំណុចរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីចូលរួមកលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជា រួមមាន៖

* ទី១៖ ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការ ដែលត្រូវបានកំណត់ក្នុងគោលដៅជំរុញការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈយន្តការ «គណៈកម្មការអន្តរក្រសួង ក្នុងការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧»

* ទី២៖ ក្រសួង-ស្ថាប័ន និងវិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធ និងចូលរួមអនុវត្តឱ្យបានពេញលេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផល តាមការរំពឹងទុក

* ទី៣៖ ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ ត្រូវបន្តរៀបចំ និងចូលរួមព្រឹត្តិការណ៍ធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ចពាណិជ្ជកម្មបែបនេះឱ្យបានញឹកញាប់

* ទី៤៖ វិនិយោគិនទាំងក្នុង និងក្រៅប្រទេសគួរពិនិត្យលទ្ធភាពវិនិយោគលើវិស័យ ស្វាយចន្ទីនៅកម្ពុជា ជាពិសេសការកែច្នៃ ដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់

* ទី៥៖ .ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ត្រូវបន្តសហការ និងចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និង ពួតដៃគ្នាជាធ្លុងធំមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា

* ទី៦៖ វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា ត្រូវជួយគាំទ្រ និង សហការ ឱ្យបានកាន់តែជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាលើកកម្ពស់កេរ្តិ៍ឈ្មោះ និង កិត្យានុភាពស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ

* ទី៧៖ ស្នើសុំភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទស្វាយចន្ទី នាឱកាសនេះ ជួយផ្សព្វផ្សាយបន្តអំពីសក្តានុពល របស់ស្វាយចន្ទីកម្ពុជា។

បន្ថែមពីនេះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រសួងពាណិជ្ជកម្ម សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Eventell Global Advisory Private Limited ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំសនិ្នសីទស្វាយចន្ទីពិភពលោក លើកទី១០នេះឡើង និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានលើកឡើងពីសារៈសំខាន់នៃការប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទីទាំងក្នុង និងក្រៅប្រទេស និងការបង្កើតឱកាសដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធក្នុងវិស័យស្វាយចន្ទី ព្រមទាំងឱកាសសម្រាប់ការផ្គូផ្គងធុរកិច្ច រវាងធុរជនដែលបានចូលរួមនៅក្នុងសន្និសីទនេះផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកពីការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន៤ ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទីរួមមាន៖ (១).ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់, បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២).ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) (៣).ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤).ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និង ទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។

បើតាមលោកស្រី ចម និម្មល ការរៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីទាំងក្នុងស្រុក និងអន្តរជាតិ ធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ សម្រាប់ជំរុញវិស័យស្វាយចន្ទី ស្វែងរកទីផ្សារក្នុងតំបន់ និងពិភពលោក រួមនឹងការដាក់តាំងពិព័រណ៍ និងការកសាងបណ្តាញវិស័យស្វាយចន្ទីលើពិភពលោក។

លោកស្រីរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩ ៤១៩តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦ ០០០តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក៕


0 Reviews:

Post a Comment