(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំពុងដឹកនាំប្រតិភូអន្តរក្រសួងកម្ពុជាធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G77 + China ក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ។
ក្នុងកិច្ចប្រជុំកំពូលលើកទី២៨ នេះ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងប្រតិភូទាំងអស់បានត្រៀមរួចជាស្រេចនូវកាដូចំនួន៧ របស់កម្ពុជា ដើម្បីចែកជូនអ្នកចូលរួមជាង ៥០០០០នាក់ ដែលក្នុងនោះមាន៖
១- លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LPGវិញ។
២- អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។
៣- បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយ។
៤- យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើង។
៥- យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ពង្រីកគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។
៦- បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។
៧- បន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ។
បេសកកម្មរបស់ប្រតិភូកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលលើកនេះគឺដើម្បីបង្ហាញពិភពលោកអំពីការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្នរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាពីការប្រែប្រួលអាកាសធាតុផង និងបង្ហាញពិភពលោកផងដែរអំពី សុខ សន្តិភាព និងស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង ដែលកម្ពុជាកំពុងមាន ដែលជាទីសម្រាប់ទេសចរណ៍ វិនិយោគ និងអភិវឌ្ឍប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០៕
0 Reviews:
Post a Comment