ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, December 28, 2023

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់ក្រសួងការពារជាតិ

អ្នកទស្សនា: Views

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់ក្រសួងការពារជាតិ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះនានា។

នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការចូលរួមពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចដោយបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ និងបានចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមតំបន់ព្រំដែន។ ជាក់ស្តែង ក្នុងបទល្មើសឧក្រិដ្ឋ បទល្មើស មជ្ឈិមដែលកើតឡើងចំនួន៣, ៤១១លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១, ៩៨៤លើកផងដែរ។ កងយោធពលខេមរភូមិន្ទ ក៏បានបន្តធ្វើការហ្វឹកហ្វឺនវគ្គឆ្នាំចាស់ និងអនុវត្តផែនការហ្វឹកហ្វឺនឆ្នាំ២០២៣ សរុបចំនួន៣៨៦វគ្គ ស្មើនឹង៤០, ២៨១នាក់ សិក្ខាកាមបញ្ជូនទៅសិក្សាក្រៅប្រទេសមានចំនួន២, ០១២នាក់ស្មើនឹង១៥ប្រទេស។ កងយោធពលខេមរភូមិន្ទ ក៏បានចូលរួមសហការធ្វើសមយុទ្ធមួយចំនួនប្រកបដោយភាពជោគជ័យ ដូចជាសមយុទ្ធ «នាគមាស២០២៣» សមយុទ្ធផ្នែកសុខាភិបាលទេវតាសន្តិភាពឆ្នាំ២០២៣ និងលំហាត់ ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលាន សកម្មភាពមីនមនុស្សធម៌ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣»ជាដើម។ ទន្ទឹមនេះ បានបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទចំនួន៩២នាក់ ទៅចូលរួមសមយុទ្ធពហុសាសន៍រួមដែល មានឈ្មោះថា «សន្តិភាព មិត្តភាព AMAN YOUYI 2023» ក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើ ការប្រឆាំងភេរវកម្មនិងការថែរក្សាសន្តិសុខលម្ពសមុទ្រ» នៅសាធារណរដ្ឋប្រជាមានិតចិនថែមទៀត។

សម្រាប់ការងារគ្រប់គ្រងវិមានឈ្នះ ឈ្នះ ក្រសួងការពារជាតិ បានបន្តដំណើរការយ៉ាងសកម្ម ដើម្បីលើកកម្ពស់គុណតម្លៃសន្តិភាព និងការឯកភាពជាតិពេញលេញដែលបានមកពី នយោបាយឈ្នះ ឈ្នះ។ រីឯការរៀបចំនិងកសាងតំបន់ប្រវត្តិសាស្ត្រយោធានៅតាមបណ្តាទីតាំងនានា ពិសេសការកសាងស្កូបឈ្នះ ឈ្នះ កោះកុង ប៉ៃលិននិងអន្លង់វែង ខេត្តឧត្តរមានជ័យ បាននិងកំពុងបន្ត ដំណើរការដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចតាមផែនការ។

ការបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេស កងយោធពលខេមរភូមិន្ទ បានបន្តរក្សានូវស្នាដៃមុខជំនាញនីមួយៗបានល្អ ដោយមានការទទួលស្គាល់ពីមន្ត្រីនានា នៅតាមតំបន់បេសកកម្ម។ ផ្អែកតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិកងកម្លាំងកម្ពុជាបានទទួលលំដាប់ លេខរៀង៣០/១២៣នៃប្រទេសបរិច្ចាគកងកម្លាំង ការចូលរួមរបស់នារីទទួលបានលំដាប់លេខរៀង១២/ ១២៣នៃប្រទេសបរិច្ចាគកងកម្លាំង ចំណែកក្នុងសហគមន៍អាស៊ានកម្ពុជាទទួលបានលំដាប់លេខ៣ ការចូលរួមរបស់នារីទទួលបានលំដាប់លេខ២ ដែលធ្វើឱ្យកិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទក៏ដូចជា កម្ពុជាត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។

ក្នុងមតិបូកសរុបក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ទៀ​ សីហា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កងយោពលខេមរភូមិន្ទ ដែលបានការពារ និងថែរក្សាបាននូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជា សន្តិសុខតាមបណ្តោយព្រំដែន បានយ៉ាងល្អប្រសើរ។ពាក់ព័ន្ធនឹងយុទ្ធជនពិការ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដោយជំរុញឱ្យអង្គភាពក្រោមចំណុះ យកចិត្តទុកដាក់បន្ថែមទៀត ហើយធ្វើយ៉ាងណាវាយតម្លៃឱ្យបានត្រឹមត្រូវ និងយុត្តិធម៌សម្រាប់បងប្អូនយុទ្ធជនពិការ ព្រមទាំងបានស្នើឱ្យមានគណៈកម្មការវាយតម្លៃពិតប្រាកដផងដែរ។

រដ្ឋមន្រ្តីការពារជាតិក៏បានដាក់ចេញនូវទិសដៅ អនុវត្តបន្តរបស់ក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ដោយចូលរួមអនុវត្តឱ្យកាន់តែសកម្ម នូវយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ បន្ថែមពីនេះ ក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះ ត្រូវបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ បន្តធ្វើការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព លើ វិស័យការងារហ្វឹកហ្វឺន រចនាសម្ព័ន និងគ្រឿងបំពាក់អោយទំនើបទាន់សម័យ បន្តចូលរួមទប់ស្កាត់បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន បន្តចូលរួមពង្រឹងសន្តិសុខសុវត្ថិភាពរបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាអនុវត្តតួនាទី ភារកិច្ចផ្សេងៗទៀត ដែលដាក់ចេញដោយក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល៕

0 Reviews:

Post a Comment