ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, December 27, 2023

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

អ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

ទឹកសំណល់កខ្វក់ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ បាន​​កើន​ឡើងយ៉ាងឆាប់រហ័សដោយសារកំណើនប្រជាជនក៏ដូចជាហេដ្ឋា​រចនា​សម្ព័ន្ធសំណង់អគារផ្សេងៗ។ ទឹកសំណល់កខ្វក់ក្នុងរាជធានី​ភ្នំពេញ​ ត្រូវ​បានហូរកាត់អាងបង្គន់តាមផ្ទះរបស់គ្រួសារនីមួយៗ និងសំណង់អគារ​អាជី​វកម្ម។ សារធាតុរាវក្នុងអាងបង្គន់ដែលអណ្ដែត​ខាងលើ ត្រូវ​បាន​បង្ហូរ​ចូលបឹងបួរតាមរយៈបណ្តាញលូ និងប្រឡាយហើយត្រូវបានបន្សុទ្ធតាម

បែប​ធម្មជាតិ ប៉ុន្តែនៅក្នុងកម្រិតមួយ។

ទោះជាយ៉ាងណាក៏ដោយបរិស្ថានទឹកនៅក្នុងរាជធានីភ្នំពេញ មាន​ការ​យ៉ាប់​យ៉ឺនយ៉ាងធ្ងន់ធ្ងរដោយសារតែភាពខ្វះខាតក្នុងការថែទាំអាងបង្គន់​មិន​​បានគ្រប់គ្រាន់ និងការចុះថយនៃមុខងារបន្សុទ្ធទឹកតាមបែប​ធម្មជាតិ​នៅក្នុងបឹងបួរបណ្តាលមកពីការគ្រប់គ្រងពុំបានហ្មត់ចត់​លើការចាក់រានដី និងការអភិវឌ្ឍន៍។ ជាពិសេសផ្ទៃបឹងជើងឯកដែលជាតំបន់​ស្ថិតនៅ​ក្នុង​គម្រោងសិក្សាត្រៀមនេះមានការថយចុះយ៉ាង​ខ្លាំង ជាពិសេសចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៥ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញបឹង។

ដោយឃើញពីបញ្ហាខាងលើនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ជប៉ុន ហៅកាត់ថា JICA បានសិក្សាលើគម្រោងកែលម្អប្រព័ន្ធលូ​ទឹក​ភ្លៀង និងទឹកកខ្វក់រាជធានីភ្នំពេញ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ដើម្បី​ឆ្លើយ​តបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងគម្រោងការសិក្សានេះ ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងការកែលម្អប្រព័ន្ធលូហៅកាត់ថា «គម្រោងមេ M/P» ត្រូវបានបង្កើតឡើង សម្រាប់​គោល​ដៅឆ្នាំ២០៣៥។ ក្នុងគម្រោងមេនេះ តំបន់ប្រព្រឹត្តកម្មបឹង​ជើង​ឯក​ដែលបច្ចុប្បន្នទឹកសំណល់កខ្វក់ពីកណ្ដាលរាជធានីភ្នំពេញ ត្រូវបានបង្ហូរ​ចេញ​ទៅកាន់បឹងជើងឯកតាមរយៈប្រឡាយ និងបណ្តាញលូ ដែលមាន​ស្រាប់ត្រូវបានកំណត់ឱ្យប្រើប្រាស់ប្រព្រឹត្តកម្មប្រមូលផ្តុំនៅក្រៅតំបន់។ លើសពីនេះទៅទៀតផែនការអនុវត្តជាដំណាក់កាលសម្រាប់តំបន់ប្រព្រឹត្តកម្មទឹកកខ្វក់រយៈពេលខ្លី (ដល់ឆ្នាំ២០២០) រយៈពេលមធ្យម (ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០៣០) និងរយៈពេលវែង(ពីឆ្នាំ២០៣១ដល់ ឆ្នាំ២០៤០) ត្រូវបានបង្កើតឡើង។

គម្រោងនេះមានគោលដៅសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់​ បំពង់​លូ និងសំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ដោយផ្អែកលើកម្មវិធីរយៈពេល​ខ្លីក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។

គម្រោងខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជា។

សំណង់ក្នុងគម្រោងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះរួមមាន៖

១៖ សំណង់ស្ទាក់ និងបូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់​ជើងឯក ដែលមានសមត្ថភាពបូមបាន ៧ម៉ែត្រគូបក្នុងមួយនាទី។

២៖ ផ្លូវសម្រាប់ថែទាំប្រឡាយ និងសម្រាប់ជីកដាក់បំពង់លូដែកបង្ហូរ​ទឹក​កខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ប្រវែងប្រមាណ ១,៧០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្រាលកៅស៊ូ AC។

៣៖ បំពង់លូដែកទំហំ ០.៣ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បី​បង្ហូរ​​ទឹកកខ្វក់ពីសំណង់ស្ទាក់ និងបូមបញ្ជូនទឹកកខ្វក់មកស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹកកខ្វក់ជើងឯក។

៤៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

គម្រោងទាំងនេះប្រើប្រាស់ថវិកាសរុបប្រមាណ ២៤លានដុល្លារអាមេរិក។ ថវិកានេះ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន៕

0 Reviews:

Post a Comment