(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១ក្រោមប្រធានបទ «ការអនុវត្តវេជ្ជាសាស្ត្រឱ្យបានល្អប្រសើរ» ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ជូន ដល់អង្គសន្និសីទនូវគន្លឹះសំខាន់ៗ សម្រាប់ជាបទពិសោធន៍ដើម្បីឱ្យអនុវត្តការងារមានប្រសិទ្ធិភាពដូចខាងក្រោម៖
* កុំតូចចិត្ត ឫអន់ចិត្តអ្វីបើគេមិនទាន់ស្គាល់យើង ត្រូវសួរខ្លូនឯងថាតើយើងបានធ្វើអី្វល្អៗ ដែលឱ្យគេស្គាល់ហើយឫនៅ?
* ដើម្បីវិនិច្ឆ័យទៅលើនរណាម្នាក់ គេត្រូវស្វែងយល់ទៅលើគុណភាពការងាររបស់បុគ្គលនោះ
* រាល់ការងារថ្មីៗ ត្រូវរៀនសូត្រអោយបាន រយៈមួយយូរគ្រប់គ្រាន់ជាបទពិសោធន៍ និងបង្កើតអោយបានជាទម្លាប់ល្អ
* គុណតម្លៃថ្លៃថ្លាយូរអង្វែង បានដោយការលះបង់ពិតប្រាកដ ដោយបម្រើផលប្រយោជន៍មនុស្សទូរទៅ (លើសអំពីប្រយោជន៍បុគ្គលខ្លួនម្នាក់) និងមិនមែនដោយការដោះដូរបានភ្លាមនោះទេ
* យកការគិត (គំនិត) និងពេលវេលា ជាដើមទនដើម្បីសម្រេចបានជោគជ័យក្នុងវិជ្ជាជីវៈខ្លួន។
លើសពីនោះលោកសាស្រ្តារដ្ឋមន្រ្តី ក៏បានលើកយកនូវចំណុច ដើម្បីក្លាយជាគ្រូពេទ្យល្អ «ត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ល្អបាន។ បន្ថែមពីនេះគឺ ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ត្រូវខិតខំបម្រើសេវាឱ្យអ្នកជំងឺទុកចិត្ត ត្រូវចេះឈឺឆ្អាលជាមួយអ្នកជំងឺ ចូលរួមសោកស្តាយពេលអ្នកជំងឺមិនអាចជួយសង្រ្គោះបាន និងគិតអំពីផលលំបាករបស់អ្នកជំងឺនិងក្រុមគ្រួសារគាត់»។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្រ្តាចារ្យជំនួយ ដែលអញ្ជើញមកពីបណ្តាមន្ទីរពេទ្យជាតិ បានដែលបានចូលរួមធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ល្អៗ ជូនដល់សមាជិកក្រុមគ្រូពេទ្យ TYDA និងបានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដ៏មានសារ:សំខាន់នេះឡើង។
ក្រុមគ្រូពេទ្យ TYDA បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការបង្ខិតសេវាសុខភាពសាធារណៈឲ្យកាន់តែគៀកដល់បងប្អូនប្រជាពលរដ្ឋ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។ ជាពិសេសបានចូលរួមសកម្មភាពផ្តល់សេវាសុខភាពជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាលរដ្ឋ ដល់ទីកន្លែង និងតាមទីជនបទដាច់ស្រយាលនានា។ លើសពីនេះក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្ដល់ឱកាសដល់និសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត ក្នុងការចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ៕
0 Reviews:
Post a Comment