(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដលប្រជាពលរដ្ឋ ដែលមានមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញាប់ទៅពិនិត្យសុខភាព ជាពិសេសធ្វើតេស្ដរកជាតិស្ករនៅក្នុងឈាម ដើម្បីការពារ និងងាយព្យាបាលជំងឺទឹកនោមផ្អែមទាន់ពេលវេលា។
ការថ្លែងដូច្នេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO)។
លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម គឺធ្ងន់ធ្ងរណាស់សម្រាប់សុខភាព ដូច្នេះសូមអំពាវដល់ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្ដទុកដាក់ខ្ពស់ពិសេសត្រូវប្រុងប្រយ័ត្នកុំឱ្យកើតនូវជំងឺទឹកនោមផ្អែម។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបន្ដថា «ត្បិតណាស់ជំងឺទឹកនោមផ្អែម មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អាចបង្កផលវិបាកឱ្យកើតមានជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ ជាដើម។ ប៉ុន្ដែជំងឺនេះអាចការពារបាន និងចៀសវាងបាន ហើយបើឈឺហើយ ក៏អាចការពារដោយការព្យាបាល។ ដូច្នេះសូមប្រជាពលរដ្ឋយើងប្រញាប់ទៅធ្វើតេស្ដរកជាតិស្ករក្នុងឈាម ដើម្បីបានដឹង និងព្យាបាលទាល់ពេលវេលា»។
លោកសាស្រ្ដាចារ្យបានថ្លែងបន្ថែមថា ក្នុងនាមក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រញាប់ទៅពិនិត្យសុខភាព ជាពិសសទៅមើលជាតិស្ករក្នុងខ្លួន ដែលជាកាតព្វកិច្ចក្នុងការពារគ្រួសារខ្លួននីមួយៗ ដែលចៀសវាងនូវការខាតបង់នូវថវិកា នៅក្នុងចំណាយលើជំងឺនោមផ្អែមនេះ និងសូមចួលរួមការពារសុខភាព ហើយបើពិនិត្យឃើញជំងឺទឺកនោមផ្អែម សូមទទួលការព្យាបាលឱ្យបានត្រឹមត្រូវ និងពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ។
ក្នុងឱកាសនោះលោករដ្ឋមន្ដ្រីក៏បានផ្ដល់សារគន្លឹះចំពោះអ្នកកើតជំងឺនោមផ្អែម ដើម្បីចៀសវាងពីជំងឺទឹកនោមផ្អែម រួមមាន៖
១៖ រក្សាទម្ងន់ (កុំឱ្យឡើងលើសទម្ងន់)
២៖ សូមធ្វើលំហាត់ប្រាណ
៣៖ ការបរិភោគ ចៀសវាងអាហារដែលមានផលប៉ះពាល់ ដូចជាភេសជ្ជៈផ្អែម អាហារផ្អែម (ដែលមានជាតិស្ករច្រើន) ឬសាច់ក្រហម
៤៖ ត្រូវទៅពិនិត្យសុខភាព គឺធ្វើតេស្ដរកជាតិស្ករ
៥៖ ធ្វើការព្យាបាល
សម្រាប់អ្នកមិនទាន់កើតជំងឺទឹកនោមផ្អែមវិញ ដើម្បីការពារ គឺទោះបីជាក្មេងក៏ដោយ កុំឱ្យពិសាទឹកក្រូច ទឹកដែលផ្អែម និងជំនួសដោយទឹកសុទ្ធ។ លើសពីនោះចាប់ពីពេញវ័យឡើងទៅ ត្រូវបរិភោគអាហារដែលមានសុខភាពល្អ កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រិតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងកុំពិសារបារី៕
0 Reviews:
Post a Comment