ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, November 14, 2023

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះមហាក្សត្រកម្ពុជា និងប្រធានាធិបតីបារាំង

អ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានជួបព្រះរាជសវនាការជាមួយ លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

បើតាមក្រសួងការបរទេសកម្ពុជា, បន្ទាប់ពី លោក Emmanuel MACRON បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ​ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោក Emmanuel MACRON កាលពីខែធ្នូកន្លងទៅ។

ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាពដែល រដ្ឋាភិបាលបារាំងបានផ្តល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្តួចផ្តើមនេះត្រូវបានរាជ រដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការជួសជុល និងការពង្រីក​សារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង (២)កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។

ជាកិច្ចឆ្លើយតប លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីក​សារមន្ទីរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។

លោក Emmanuel MACRON បានចាត់ទុកថាជោគជ័យនៃយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។

តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ លោកប្រធានាធិបតីបារាំង បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង។

ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី លោកប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់បារាំងនៅអាស៊ី។

នៅចុងបញ្ចប់នៃព្រះរាជសវនាការ លោក Emmanuel MACRON បានសូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ២០២៤។ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានសូមអញ្ជើញ លោកប្រធានាធិបតីនៃ​សាធារណរដ្ឋបារាំង និង លោកជំទាវចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ លោកប្រធានាធិបតី បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម៕


0 Reviews:

Post a Comment