ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, October 12, 2023

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីសក្តានុពលវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដល់រដ្ឋមន្ត្រី​ការបរទេសប្រេស៊ីល

អ្នកទស្សនា: Views

 (ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានបង្ហាញពីសក្តានុពលវិស័យកសិកម្មរបស់កម្ពុជាដល់រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល លោក Maura Vieira ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ​ ជាមួយ លោក Maura Vieira រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ​លោក ឌិត ទីណាបាន​គូសបញ្ជាក់អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ដូចជាស្រូវដែលមានអតិរេកប្រមាណ៦លានតោនក្នុងមួយឆ្នាំ សម្រាប់ការកែច្នៃនាំចេញ។ ព្រមទាំងដំណាំសក្តានុពលផ្សេងទៀត ​ដូចជា ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។

លើសពីនេះទៀត កម្ពុជាជាសមាជិកអាស៊ានដែលមានទីផ្សារធំទូលាយ ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីផ្សារប្រទេសចិន ដែលនេះជាឱកាសសម្រាប់ការវិនិយោគលើការកែច្នៃនាំចេញ (Downstream)។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេសផងដែរ។

​ភាគីទាំងពីរបាន​​បន្តយន្តការកិច្ចសហប្រតិបត្តិការ សិក្សាពីគ្នាទៅវិញទៅមកពីឱកាសវិនិយោគ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ជាពិសេសការធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពបរិស្ថាន។

​ក្នុងជំនួប​នេះដែរ ​លោក Maura Vieira បានលើកឡើងពីគម្រោងបើកស្ថានឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជានៅដើមឆ្នាំ២០២៤ និងចេតនាបង្កើនទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ ​ជាមួយគ្នានេះ ប្រេស៊ីលគ្រោងនឹងរៀបចំឱ្យមានទស្សនៈកិច្ចផ្លូវការមួយទៀត ពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេស៊ីលមកកាន់កម្ពុជានៅក្នុងឆ្នាំ២០២៤​៕

0 Reviews:

Post a Comment