ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, September 7, 2023

សភាពាណិជ្ជកម្មម៉ាឡេស៊ី ប្តេជ្ញាបន្តសហការជាមួយពន្ធដារកម្ពុជា ក្នុងការពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីការប្រកួតប្រជែងស្មើភាព

អ្នកទស្សនា: Views

 (ភ្នំពេញ)៖ ឧកញ៉ា TAN KHEE MENG ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី បានថ្លែងនូវការប្តេជ្ញាចិត្តបន្តសហការ គ្រប់ជ្រុងជ្រោយជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងអនុលោមភាពសារពើពន្ធ តាមរយៈការផ្សព្វផ្សាយ ចែករំលែក និងអប់រំអំពីពន្ធដារជូនដល់សមាជិក សមាជិកា ដើម្បីជំរុញនិងបង្កើតនូវបរិយាកាសល្អប្រសើរ និងការប្រកួតប្រជែង ស្មើភាពមួយ។

ការសន្យានេះធ្វើឡើងក្នុងឱកាសឧកញ៉ា ចូលរួមជំនួបជាមួយវិស័យឯកជនធុរជន ពាណិជ្ជករ ក្នុងវេទិកាស្តីពីពន្ធដារ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៉ីរូបនេះ បានថ្លែងអំណរគុណចំពោះលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ ដែលតែងតែ ផ្តល់ការយកចិត្តទុកដាក់ ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់វិស័យឯកជនតាមរយៈការចូលរួមក្នុងវេទិកាពន្ធដារ ដែលរៀបចំដោយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) សំដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌ ក្នុងចំណោមសហគ្រាសទាំងឡាយ។

ឧកញ៉ាបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍយ៉ាងធំធេងក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយ នេះ ហើយបានបង្ហាញនូវភាពជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ (Pentagonal Strategy – Phase I) នឹងនាំប្រទេសកម្ពុជាទៅកាន់អនាគតដ៏អស្ចារ្យរបស់ខ្លួន។

ជាមួយគ្នានេះ ឧកញ៉ាបានកោតសរសើរ និងគាំទ្រចំពោះការកែទម្រង់ និងការធ្វើទំនើបកម្មពន្ធដារក្នុងរយៈពេល ១១ ឆ្នាំ កន្លងមកនេះ ហើយមានជំនឿថាច្បាប់ស្តីពីសារពើពន្ធ (ថ្មី) នឹងផ្តល់នូវភាពងាយស្រួល និងភាពប្រាកដប្រជា (Certainty and Predictability) ក្នុងការឈ្វេងយល់សម្រាប់អ្នកជាប់ពន្ធអនុវត្តនិងបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានគ្រប់ ជ្រុងជ្រោយ ដើម្បីចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ។

លោក DATUK ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានគាំទ្រចំពោះវេទិកាពន្ធដារ ដែលជាការចូលរួមចំណែកក្នុងការ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយជឿជាក់ថាវេទិកានេះ ពិតជាអាចបង្កើនការយល់ដឹង និងការពង្រឹងអនុលោមភាព សារពើពន្ធ ហើយការវិនិយោគកាន់តែងាយស្រួល និងមានភាពទាក់ទាញកាន់តែប្រសើរឡើងនៅកម្ពុជា។

លោកថា កម្មវិធីថ្ងៃនេះ ជាកូនសោរមួយ ដើម្បីបើកទ្វារបង្កើនទ្រព្យនៅកម្ពុជា (Today’s program as a key to opening your door to wealth making in the Kingdom)។

លោក គង់ វិបុល បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលបានអញ្ជើញចូលរួម និងឧកញ៉ា TAN KHEE MENG ចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូពន្ធដារ និងវិស័យឯកជន ជាពិសេសវត្តមានរបស់តំណាងសហគ្រាស ភ្នាក់ងារសេវាកម្មពន្ធដារ ដែលឆ្លុះបញ្ចាំងអំពីឆន្ទៈក្នុងការពង្រឹង អនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាពគ្នា។

លោកគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាព នយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការរក្សាបាននូវនិរន្តរភាព និងចីរភាពកំណើនចំណូលពន្ធ ទោះបីជាក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានឆ្លងកាត់នូវក្នុងដំណាក់កាលដ៏លំបាក នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយបាននិង កំពុងឆ្លងកាត់នូវហានិភ័យ ដែលបណ្តាលមកពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការបន្តធ្លាក់ចុះ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ព្រមទាំងការអូសបន្លាយនៃវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន។

លោករដ្ឋមន្ត្រីប្រតិភូបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១២ មក ចំណូលពន្ធដារ តែងតែសម្រេចបានលើសផែនការ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈ គោលដៅនៃការប្រមូលចំណូលកំណត់ក្នុងផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំកើនឡើង ក្នុងរង្វង់ប្រមាណ ២០% ក្នុងមួយឆ្នាំៗក្តី។

លោកបន្តថា ប្រព័ន្ធពន្ធដារកម្ពុជា គឺអនុវត្តពន្ធលើប្រាក់ចំណូលសហគ្រាស (Corporate Income Tax) ក៏ប៉ុន្តែ ពុំទាន់មាន ពន្ធលើចំណូលរូបវន្តបុគ្គល (Personal Income Tax) នៅឡើយទេ។ ការអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាពគ្នា គឺជាកត្តាចាំបាច់នៃបរិយាកាសល្អប្រសើរសម្រាប់ ការជំរុញ និងទាក់ទាញវិនិយោគនៅកម្ពុជា។

លោក គង់ វិបុល បន្តថា ច្បាប់ស្តីពីសារពើពន្ធ (ថ្មី) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលទិដ្ឋភាពសំខាន់ៗ រួមមាន៖

* ច្បាប់ថ្មីនេះនឹងឆ្លើយតបនូវកង្វល់ និងបញ្ហាប្រឈមនានា ដែលធ្លាប់បានលើកឡើងដោយវិស័យឯកជន ដោយ ធាតុចូលជាច្រើនពីវិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបានយកមកពិនិត្យ ពិចារណា និងច្របាច់បញ្ចូលក្នុងច្បាប់ថ្មីនេះ

* បានចងក្រងប្រមូលផ្តុំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្តីពីសារពើពន្ធបច្ចុប្បន្ន ព្រមទាំងវិសោធនកម្មជាបន្តបន្ទាប់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកនិងអនុវត្ត

* កែសម្រួល និងបំពេញបន្ថែមនូវបទប្បញ្ញត្តិដែលមានភាពខ្វះចន្លោះ ដោយផ្អែកលើមូលដ្ឋានមួយចំនួនជាអាទិ៍ បទពិសោធន៍ និងការលើកឡើងនានា របស់វិស័យឯកជនក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងឧត្តមានុវត្តន៍អន្តរជាតិ

* បញ្ចូលនូវគោលការណ៍ទន់ភ្លន់ ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការលើកទឹកចិត្ត ផ្នែកពន្ធដារមួយចំនួន ក្នុងករណីដែលកម្ពុជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ឬវិបត្តិហិរញ្ញវត្ថុ ឬគ្រោះអាសន្ន ឬ តម្រូវការចាំបាច់បន្ទាន់នានា ក្នុងការធានាលំនឹងជីវភាព និងសុខុមាលភាពរបស់ប្រជាជនក៏ដូចជាក្នុងការធានា នូវប្រក្រតីភាពនៃកិច្ចដំណើរការសង្គម-សេដ្ឋកិច្ច

* បើកផ្លូវឱ្យមានការចូលរួមអនុវត្ត ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្របតាម ការវិវត្តនៃសង្គមសេដ្ឋកិច្ច និងបរិបទថ្មីនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ក្នុងការកៀរគរ និងគ្រប់គ្រងការប្រមូលចំណូល

* គិតគូរធានាការរៀបចំច្បាប់ ឱ្យស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក៏ដូចជាការរៀបចំឱ្យ មានសង្គតិភាពទាំងខាងទម្រង់ និងទាំងខាងខ្លឹមសារជាមួយច្បាប់ពាក់ព័ន្ធនានា៕

0 Reviews:

Post a Comment