ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, September 21, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក

អ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។

មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

ក្រសួងការបរទេស បានឱ្យដឹងថា ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ សម្តេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។

នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគី មកពីបណ្តាប្រទេសនានាផងដែរ។

រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីទទួលដំណឹងអំពី សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នោះ មានប្រជាពលរដ្ឋខ្មែររស់នៅបណ្តារដ្ឋនានា នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានប្រកាសស្វាគមន៍ និងសម្តែងការគាំទ្រជាខ្លាំង។ ពួកគេមានការពេញចិត្តចំពោះសម្តេចធិបតី ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា អាណត្តិទី៧នេះ៕

0 Reviews:

Post a Comment