ការដាក់អោយដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មី របស់សង្គមកម្ពុជា ងាករក ទំនើបកម្ម បច្ចេកវិទ្យា ស៊ីវីល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន នេះជាប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក (World Bank) អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងថ្លែងអំណរគុណដល់អង្គការដៃគូ ដែលបានចូលរួមយ៉ាងសកម្មបង្កើតបានជាកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» មិនត្រឹមតែជាសមិទ្ធផលមួយទេ ប៉ុន្តែបង្ហាញឱ្យឃើញថាជីវភាពរបស់ប្រជាជនកម្ពុជាបានងាកទៅរកភាពសុខដុមរមនា និងសុភមង្គល មានឱកាសពេញលេញធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិគ្រប់ទីកន្លែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ ផេះផង់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែល ជីវភាពល្អប្រសើរ សង្គមរស់រវើក ប្រជាជនមានចំណេះដឹងទូលំទូលាយ ចេះចែករំលែក្តីសុខ និងសុភមង្គលតាមរយៈ លម្ហែជាមួយនឹងធម្មជាតិ។ ទាំងនេះ ជាផ្លែផ្កានៃសុខសន្តិភាពដែលយើងកំពុងទទួលបាន ហើយវប្បធម៌នៃសន្តិភាព ក៏បានចាក់ឬសយ៉ាងមាំក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់រូបផងដែរ។
គួរបញ្ជាក់ឱ្យដឹងថា កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាផ្នែកមួយនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បង្កើតឡើងដើម្បីគាំទ្រ និងជំរុញឱ្យការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍ បានកាន់តែទូលំទូលាយ និងបង្កើនភាពងាយស្រួលដល់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរកម្សាន្តជាមួយនឹងមុខងារសំខាន់ៗ ដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗ។ នេះ គឺជាការឆ្លើយតបមួយទៅនឹងគោលនយោបាយអភិវឌ្ឍន៍អេកូទេសចរណ៍ ក្រោមពាក្យស្លោក «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលនឹងជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋតនៅតាមតំបន់ការពារធម្មជាតិមានភាពប្រសើរឡើងជាលំដាប់ តាមរយៈចំណូលពីភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត រួមចំណែកពង្រឹងជីវភាពសហគមន៍ ដូចជាឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ហើយរួមចំណែកកាត់បន្ថយសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMVlTQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c3d0bcd1f245bb8e13042391f35d6e847087cbfb/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/3FD3B7D4-7FE1-4081-8ABC-1801288.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMU1TQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2aa4b5b16a9d7f51d6673df9f769d852053adf6a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/93B01895-04FA-4B84-9BD9-781F5BF.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMVVTQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--8bd3c6aa1a473ca36d3a454929aff4151f5ba816/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/6CF3BFB2-0D38-4AA4-838F-94BDC2A.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMVFTQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--acd5b2645101774c2e961731fe4994f661a84f6d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/A944478E-B778-474A-A023-32617AF.jpeg)
0 Reviews:
Post a Comment