ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។
សម្ដេច ក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។
បើយោងតាម មាត្រា៣នៃសេចក្ដីព្រាងអនុក្រឹត្យ ចែងថា ឯកសណ្ឋានមន្រ្តីពន្ធនាគារ សម្រាប់ប្រើប្រាស់មាន៦ប្រភេទ រួមមាន ឯកសណ្ឋានធំលេខ១ សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធី និងពិធីបុណ្យជាតិ, ឯកសណ្ឋានធំលេខ២ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផ្លូវការនានា និងទទួលភ្ញៀវជាតិ និងអន្តរជាតិ, ឯកសណ្ឋានការងារលេខ៣ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីមីទ្ទិញ សិក្ខាសាលា សន្និបាតនានា និងបំពេញការងារប្រចាំថ្ងៃ។
មាត្រាដដែលចែងទៀតថា សម្រាប់ឯកសណ្ឋានការងារលេខ៤ (អាវដៃវែង) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ,ឯកសណ្ឋានការងារលេខ៥ (អាវដៃខ្លី) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ និងឯកសណ្ឋានលេខ៦ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ សន្តិសុខ និងសុវត្ថិភាព។ មាត្រាបានចែងថា រូបភាព ម៉ូត ទំហំខ្នាត ពណ៌ និងរបៀបប្រើប្រាស់ឯកសណ្ឋានតាមប្រភេទនីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់មន្រ្តីក្រសួងមហាផ្ទៃ។
បើតាមការធ្វើរបាយការណ៍ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូនដល់សម្ដេចក្រឡាហោម និងអង្គប្រជុំស្របតាមមាត្រាទី៨នៃច្បាប់ ស្ដីពីពន្ធនាគារ ដោយក្រសួងមហាផ្ទៃចែកថាមន្ដ្រីពន្ធនាគារ ត្រូវមានឯកសណ្ឋាន សញ្ញាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យសមស្រប។ ឯកឧត្តម បន្ថែមថា ព្រោះហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ៕អត្ថបទ៖ បាន ចក់
0 Reviews:
Post a Comment