(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទើបតម្រូវឱ្យសាងសង់ផ្លូវក្រវាត់ក្រុងទី៣។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៣។
* ចិន ប្រកាសគាំទ្រឥតងាករេចំពោះកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធានាបាននូវអធិបតេយ្យជាតិ និងប្រឆាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវក្រវាត់ក្រុងទី៣ ជាផ្លូវចំណាយច្រើនបំផុត។ ប្រវែងជាង ៥២គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ជាង ២៧៣លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកប្រាក់សាងសង់ផ្លូវក្រវាត់ក្រុងទី៣ គឺស័ក្តិសមនឹងគុណភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យ៉ាងយូរឆ្នាំ២០២៦ ព្រលានយន្តហោះអន្តរជាតិតេជោ នឹងដាក់ឱ្យដំណើរការហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះសម្តេចថ្លែងសារក្នុងវេទិកាសាធារណៈលើកចុងក្រោយហើយ ក្នុងឋានៈជានាយករដ្ឋមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតរហូតដល់ទៅជាង ៨៤ភាគរយ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជាមានចរិតពីរយ៉ាង។ ចរិតទី១ គឺការប្រកួតដណ្តើមកៅអីក្នុងរដ្ឋសភា និងមួយទៀត គឺការប្រកួតរវាងអ្នកគាំទ្រប្រជាធិបតេយ្យ ដោយអំពាវនាវឱ្យពលរដ្ឋចេញទៅបោះឆ្នោត និងម្ខាងទៀត គឺការបំផ្លាញប្រជាធិបតេយ្យតាមរយៈរារាំងមិនឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមិត្តបរទេសថា កម្ពុជាគាំទ្រសំឡេងភាគតិច តែបើបរទេសបង្ខំឱ្យគាំទ្រសំឡេងភាគតិច គឺមិនអាចទៅរួច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតនៅឆ្នាំ២០២៣ គឺជាការប្រកួតប្រជែងពិតប្រាកដមួយរវាងអ្នកគាំទ្រប្រជាធិបតេយ្យ តាមការអំពាវនាវពលរដ្ឋទៅបោះឆ្នោត និងអ្នកបំផ្លាញប្រជាធិបតេយ្យ រារាំងការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំយកប្រទេសចំនួន១ ឬ២ មកអះអាងថា ជាសហគមន៍អន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាធិបតេយ្យនៅកម្ពុជា បានឈ្នះហើយ ដោយអនុវត្តន៍ការបោះឆ្នោតយ៉ាងទៀងទាត់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា មានភស្តុតាងរួចរាល់អស់ហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋនាពេលនេះ គឺបោះឆ្នោតគាំទ្រសន្តិភាព និងការអភិវឌ្ឍន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចនាពេលនេះ គឺដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍន៍រយៈពេលវែង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានហេតុផល៤យ៉ាង ដែលនាំឱ្យសម្តេចចេញពីតំណែងនាយករដ្ឋមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ក្នុងប្រវត្តិសាស្ត្រកម្ពុជា មានមេដឹកនាំរូបណាខ្លះ ស្ម័គ្រចិត្តបោះបង់តំណែងនោះ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីមានសេនារីយោចំនួនពីរ។ ទី១ គឺឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេនារីយោទី២ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង។ ចុងក្រោយ គឺសម្រេចយកសេនារីយោទី២។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបន្តវេនបានរៀបចំខ្លួនបានយ៉ាងល្អ សម្រាប់ទទួលអម្រែកបន្តពីអ្នកចាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាយុច្រើនជាងសម្តេច រហូតដល់ទៅ១៤ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចិន កំណត់អ្នកកាន់តំណែងរាជរដ្ឋាភិបាលអាយុខ្ពស់បំផុតត្រឹម៦៧ឆ្នាំ, នៅវៀតណាម ត្រឹម ៦៥ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី មានថ្នាក់បណ្ឌិតជាងពាក់កណ្តាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លេខាផ្ទាល់របស់សម្តេចចំនួន៣ ដែលបានឡើងទៅឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី រួមមាន៖ សម្តេចវិបុលបញ្ញា សុខ អាន, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកចាស់មិនទាន់ចាកចេញពីនយោបាយនៅឡើយនោះទេ។ ក្នុងនោះសម្តេចនៅតែជាប្រធានគណបក្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនព្យាយាមជះឥទ្ធិពលទៅលើការងាររបស់រាជរដ្ឋាភិបាលនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីពិសោធន៍របស់សម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយមិនមានតួនាទីជាប្រធានបក្សនោះ គឺសម្តេចទុកលទ្ធភាពឱ្យនាយករដ្ឋមន្ត្រីថ្មី ចាត់ចែងការងារ។ ប៉ុន្តែមិនខុសពីគោលនយោបាយបក្សនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសម្រាប់ការគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់នរណានិយាយអ្វី និយាយទៅ។ តែក្នុងរដ្ឋធម្មនុញ្ញមិនបានហាមលោក ហ៊ុន ម៉ាណែត មិនឱ្យធ្វើនាយករដ្ឋមន្ត្រីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើលោក ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត សម្តេចនឹងវិលត្រឡប់មកកាន់នាយករដ្ឋមន្ត្រីវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើបែបនេះ គឺដើម្បីធានាសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ប្រសិនបើការបោះឆ្នោតនៅអាណត្តិនេះ ទទួលបានការគាំទ្រក្រោម៧០ភាគរយ នោះសម្តេចនឹងបន្តកាន់តំណែងនាយករដ្ឋមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្លាប់របស់សម្តេច មិនដែលបង្គាប់បញ្ជាឱ្យរដ្ឋមន្ត្រីធ្វើបែបនេះ ឬបែបនោះឡើយ គឺផ្តល់ឯករាជ្យដល់ការសម្រេចចិត្តទាំងឡាយ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា បើបន្តវិភាគដូចបច្ចុប្បន្ន ប្រឆាំងដល់ជាតិក្រោយក៏មិនឈ្នះដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឯកឧត្តម នេត សារវឿន និងឯកឧត្តម ស៊ុន ចាន់ថុល នឹងក្លាយទៅជាឧបនាយករដ្ឋមន្រ្តី នៅពេលឆាប់ៗខាងមុខ ខណៈអគ្គស្នងការនគរបាលជាតិ និងមានការផ្លាស់ប្តូរ។
0 Reviews:
Post a Comment