(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានលើកឡើងថា សមិទ្ធផលក្នុងស្រុកកណ្តៀង និងស្រុកក្រគរ ក៏ដូចជាស្រុកក្រុងដ៏ទៃទៀត នៃខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ គឺបានមកពីការខិតខំប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។
លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រមាណជាង៦ពាន់នាក់ ដោយបានការអញ្ជើញចូលរួមពីលោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ក្រុមការងារ អាជ្ញាធរស្រុក ឃុំ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
លោក កែវ រតនៈ បានថ្លែងទៀតថា យើងនៅតែមិនទាន់ស្កប់ស្កល់ ទៅនឹងជោគជ័យដែលយើងទទួលបានសព្វថ្ងៃនេះ ដោយហេតុថា យើងនៅតែត្រូវការសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែងដូចជាសមិទ្ធផលក្នុងស្រុកកណ្តៀង និងស្រុកក្រគរ ក៏ដូចជាស្រុកក្រុងដ៏ទៃទៀត នៃខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើន ដែលអាចឆ្លុះបញ្ចាំងបានថា សមិទ្ធផលទាំងអស់នោះ មិនមែនកើតមានតែឯងៗនោះទេ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជួយយើង។ ដូច្នេះហើយ យើងត្រូវរួមគ្នាជាចង្កឹះមួយបាច់ ដើម្បីយកជ័យជំនះ ពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍន៍ ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន សម្រាប់ឱ្យកូនចៅយើងមានការងារធ្វើ មានប្រាក់ខែ និងមិនធ្វើចំណាកស្រុក។
លោករដ្ឋមន្ត្រី ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការគាំទ្រ និងជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏ត្រៀមវត្ថុកំដរដៃ ទុកសម្រាប់ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួម ប្រមាណជាង៦ពាន់នាក់ ទៅតាមទីតាំងនីងមួយៗ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ៕
0 Reviews:
Post a Comment