ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, June 24, 2023

អាជ្ញាធរខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំអំពីកិច្ចការរដ្ឋបាល និងស៊ើបអង្កេតបណ្តឹងជូនដល់មន្រ្តីការិយាល័យប្រជាពលរដ្ឋ

អ្នកទស្សនា: Views
(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំអំពីកិច្ចការរដ្ឋបាល និងស៊ើបអង្កេតបណ្តឹងជូនដល់ប្រធាន និងជំនួយការរបស់ការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ចំនួន១២៨នាក់ មកពីខេត្តចំនួន៨ ក្រោមអធិបតីភាពលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ និងលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានលើកឡើងថា ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ជាអ្នកទទួលខុសត្រូវក្នុងការទទួល និងបញ្ជូននូវរាល់ឯកសារ លិខិតស្នាម និងពាក្យបណ្ដឹងដែលការិយាល័យប្រជាពលរដ្ឋទទួលបាន។ ក្នុងនោះដែរ ការអនុវត្តតួនាទីនេះ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ត្រូវសម្របសម្រួលជាមួយរដ្ឋបាលក្រុង ស្រុក សាមី ដើម្បីស្នើសុំការគាំទ្រក្នុងការចាត់ចែងបញ្ជូនលិខិតស្នាមនានា និងពាក្យបណ្ដឹងទៅអ្នកពាក់ព័ន្ធឲ្យបានទាន់ពេលវេលាផងដែរ។

លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ១៩ ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការិយាល័យប្រជាពលរដ្ឋត្រូវបានបង្កើតឡើងនៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលរាជធានី ខេត្ត សម្រាប់សៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាល ស៊ើបអង្កេតបណ្តឹងជូនដល់ប្រធាន និងជំនួយការសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ក្នុងគោលបំណងដាក់ចេញនូវគោលការណ៍ នីតិវិធី បែបបទ និងទម្រង់នានា ពាក់ព័ន្ធកិច្ចការរដ្ឋបាល ដែលនៅខ្វះចន្លោះក្នុងការពង្រឹងការអនុវត្តសិទ្ធិអំណាច និងការបំពេញតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។

លោកបានបន្តថា ការិយាល័យប្រជាពលរដ្ឋមានតួនាទី ភារកិច្ចទទួលការសម្របសម្រួលដោះស្រាយបណ្តឹង ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាការិយាល័យប្រជាពលរដ្ឋជាយន្តការ អព្យាក្រឹត្យ ដែលប្រធានកើតឡើងដោយការបោះឆ្នោត ការិយាល័យប្រជាពលរដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមប្រឹក្សា ការិយាល័យប្រជាពលរដ្ឋ មិនមានខ្សែគណនេយ្យភាពជាមួយគណៈអភិបាល នាយករដ្ឋបាល និងប្រធានការិយាល័យ អង្គភាពនានាចំណុះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ហើយត្រូវផ្តល់ការគាំទ្រផ្នែករដ្ឋបាលបុគ្គលិក ហិរញ្ញវត្ថុ និងការគាំទ្រដទៃទៀតដល់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក មានសិទ្ធិអំណាចប្រើប្រាស់បុគ្គលិក ថវិកា សម្ភារៈ និងមធ្យោបាយនានា សម្រាប់អនុវត្តសកម្មភាពផ្អែកតាមផែនការសកម្មភាព និងថវិការបស់ខ្លួន ដែលទទួលការអនុម័តពីក្រុមប្រឹក្សា។

ជាមួយនេះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់នូវរាល់ឯកសារ ដែលវាគ្មិនបានធ្វើការបង្ហាត់បង្ហាញ នូវនិតិវិធី ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បបង្កើនភាពជឿជាត់របស់ប្រជាពលរដ្ឋ ក្នុងការទទួលនូវសេវាសាធារណៈផងដែរ៕

0 Reviews:

Post a Comment