ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, June 14, 2023

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានតាំងបំពង់ ស្រុកឱរ៉ាល់ កំពង់ស្ពឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២0២៣

អ្នកទស្សនា: Views

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានតាំងបំពង់ ប្រវែង ១៥ម៉ែត្រ ទទឹង ០៩ម៉ែត្រ ស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៦២៨នាក់។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា មូលហេតុដែលនាំដល់ការសាងសង់ស្ពានតាំងបំពង់នេះ គឺបានផ្តើមចេញពីការចុះមកសម្ពោធឧបដ្ឋានសាលានៅវត្តគិរីរុក្ខា ហៅវត្តសំពៅផុស ស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅដែលកាលនោះ នៅពេលធ្វើដំណើរមកដល់ស្ពានតាំងបំពង់នេះ គឺមិនបានឆ្លងកាត់លើស្ពានទេ ដោយសារឃើញស្ពានឈើនោះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេក ដែលអាចបង្កគ្រោះថ្នាក់។

ដោយមើលឃើញពីតម្រូវការចាំបាច់ នៃការប្រើប្រាស់ស្ពាននេះ ពីសំណាក់បងប្អូនប្រជាពល រដ្ឋក្នុងឃុំ ឯកឧត្តមបានសម្រេចជូនស្ពានដែលសម្ពោធថ្ងៃនេះ ជាចំណងភ្ជាប់និស្ស័យជាមួយអ្នកតាសាលតែម្តង។

ឯកឧត្តមបានលើកឡើងថា ស្ពាននេះនឹងសម្រួលដល់ការធ្វើដំណើរ ដោយធានាដល់សុវត្ថិភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផល ការធ្វើដំណើរឆ្លងកាត់,ទៅមន្ទីរពេទ្យ, ទៅសាលារៀន, ទៅធ្វើបុណ្យទាន, និងទៅប្រកបកិច្ចការផ្សេងៗ ហើយជាពិសេសស្ពាននឹងបង្កើនភាពងាយស្រួល ដើម្បីឆ្លងកាត់ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ផ្សងព្រេង ដ៏មានសក្តានុពលរបស់ខេត្តកំពង់ស្ពឺ គឺភ្នំខ្នងផ្សារ ឬភ្នំខ្នងក្រពើ ដែលជាប្រភពចំណូលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាបង្កើនឱកាសការងារ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្ត និងជឿជាក់តាមរយៈការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យឯកឧត្តមបានធ្វើជាតំណាងរាស្ត្រ ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានបន្តថា តាមរយៈការបោះឆ្នោតឱ្យបានធ្វើជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺជិត១០ឆ្នាំ (២អាណត្តិ) កន្លងមកនេះ បានផ្តល់ឱកាសឱ្យឯកឧត្តម បានចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ធ្វើការអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាស ម្ព័ន្ធរូបវន្តផ្សេងៗជាច្រើន ជាប្រយោជន៍ដល់អ្នកខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់។

ជាមួយគ្នានេះយោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧។ ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេសគណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។ ឆ្លៀតឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរសជន ក្រុមការងារប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ និងភាគីដទៃទៀត ដែលបានចូលរួមចំណែកជួយឧបត្ថម្ភ ក្នុងការសាងសង់ស្ពានតាំងបំពង់នេះផងដែរ។

សូមជម្រាបជូនថា ស្ពានតាំងបំពង់ដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ប្រើរយៈពេលសាងសង់ជាង ៥ខែ (គិតចាប់ពីការបើកការដ្ឋាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣)។ ស្ពាននេះមានប្រវែង១៥ម៉ែត្រ ទទឹង៩ម៉ែត្រ បានចំណាយថវិកាសាងសង់អស់ថវិកា ១០៨ ០០០ដុល្លារអាម៉េរិក ៕


0 Reviews:

Post a Comment