ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, May 16, 2023

លោក ហ៊ុន ម៉ានី៖ «បុព្វហេតុត្រូវដើរមុខ មិនមែនតួនាទីដើរមុខនោះទេ»

អ្នកទស្សនា: Views

(ព្រះសីហនុ)៖ ក្នុងឱកាសអញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសសយកខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា «បុព្វហេតុត្រូវដើរមុខ មិនមែនតួនាទីដើរមុខនោះទេ»។

ការលើកឡើងខាងលើនេះ ស្របពេលដែលលោកបានគូសបញ្ជាក់ជូនសមាជិក សមាជិកា នៃអង្គពិធី អំពីសាវតា និងដំណើររីកលូតលាស់របស់ ស.ស.យ.ក. ជាស្ថាប័នយុវជនដែលមានបេសកកម្ម និងមាគ៌ាបន្តស្មារតី ២ធ្នូ ដោយការដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក និងមករួមគ្នាជាក្រុមសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិ។

ទន្ទឹមនេះ លោកក៏បានធ្វើការផ្សាភ្ជាប់រវាងស្មារតី ២ ធ្នូ និងស្ថានភាពបច្ចុប្បន្ន ដោយគូសបញ្ជាក់ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ គណៈកម្មាធិការខេត្ត ក្រុង ស្រុក និងសមាជិក សមាជិកាស.ស.យ.ក គ្រប់ៗរូបឲ្យបន្តខិតខំប្រឹងប្រែងអនុវត្ត ការងារជាប្រចាំប្រកបដោយស្មារតី និងយល់ច្បាស់ពីបុព្វហេតុ បេសកកម្ម ជាពិសេសការចូលរួមក្នុងកិច្ចការងារសង្គម និងការដាក់ប្រយោជន៍ប្រជាជន និងប្រទេសជាតិជាចម្បង។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ភាពលូតលាស់នៃ ស.ស.យ.ក. រយៈពេលជាង១០ឆ្នាំនេះ មិនមែនជារឿងសមញ្ញនោះទេ វាចេញពីការខិតខំប្រឹងប្រែងទាំងអស់គ្នា ហើយការបង្កើនទំនុកចិត្តដល់មហាជនឲ្យមានភាពជឿជាក់ និងទទួលស្គាល់ គឺទាមទារការអនុវត្តជាប្រចាំ និងចំណាយពេលវេលា។

គួរជម្រាបថា ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការស.ស.យ.ក. ខេត្តព្រះសីហនុ ក៏មានការចូលរួមពូ អនុប្រធាន ស.ស.យ.ក. ហើយក៏មានវត្តមានចូលរួមពីសំណាក់ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាភិបាលខេត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លោកស្រី គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងសមាជិក សមាជិកា សរុបប្រមាណជាង១៥០រូប។

សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តព្រះសីហនុ ចំនួន៩៦ ត្រូវបានប្រកាសទទួលស្គាល់ ដោយក្នុងនោះ លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ៕

0 Reviews:

Post a Comment