ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, May 29, 2023

សមាជិកមូលនិធិស៊ីក្លូនៅភ្នំពេញជិត៣០០នាក់ទទួលបានអាវភ្លៀង មី និងថវិការបស់សម្តេចតេជោ ហ៊ុន សែន

អ្នកទស្សនា: Views

ភ្នំពេញ៖ ដើម្បីជួយសម្រួលការលំបាក ខណៈរដូវវស្សាបានឈានមកដល់ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៩នាក់ ទទួលបានអាវភ្លៀង មី និងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ។

ថវិកា និងសម្ភារៈទាំងនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាប្រគល់ជូនសមាជិកមូលនិធិ នារសៀលថ្ងៃអាទិត្យទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។

លោក ម៉េត មាសភក្តី បានមានប្រសាសន៍ឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកឲ្យឯកឧត្ដម ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែពីសុខទុក្ខសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ សមាជិកទាំង២៩៩នាក់បានទទួល អាវភ្លៀង មី និងថវិការបស់សម្តេចតេជោ ហ៊ុន សែន  បន្ថែមពីលើការឧបត្ថម្ភប្រចាំខែបន្ថែម ។ 

លោក ម៉េត មាសភក្ដី បន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺឲ្យតែមានពិធីបុណ្យជាតិធំៗម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនជានិច្ច។ ក្រៅពីនេះ អ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែអាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងការផ្តល់ជូនបណ្ណ ប. ស. ស ដើម្បីឲ្យសមាជិកអាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនសមាជិកអ្នកធាក់ស៊ីក្លូទេ បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនថែមទៀត។ 

  គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្ល៉េះ៕



0 Reviews:

Post a Comment