ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, May 31, 2023

អភិបាលខេត្តព្រះសីហនុ៖ ស្រុកមានសន្តិភាព ពលរដ្ឋមានសិទ្ធិស្របច្បាប់លើដីធ្លី, ជាក់ស្តែងថ្ងៃនេះបណ្ណកម្មសិទ្ធិលើដីធ្លីជាង ២០០បណ្ណ ត្រូវចែកជូនពលរដ្ឋនៅឃុំតានៃ ស្រុកព្រៃនប់

អ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិគ្រប់បែបយ៉ាង រាប់ទាំងសិទ្ធិជាម្ចាស់លើផ្ទះសម្បែង ដីធ្លី ស្របទៅតាមច្បាប់។

ការថ្លែងបែបនេះរបស់លោក គួច ចំរើន បានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបបានអញ្ជើញជាអធិបតីភាពចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង២០០បណ្ណ ស្ថិតក្នុងភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់។ ពិធីនេះមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក អាជ្ញាធរក្នុងមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារ។

លោកអភិបាលខេត្ត បានលើកឡើងថា ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះពិតណាស់ប្រាកដជានឹកដល់សម័យកាលសង្រ្គាមដែលដឹកនាំដោយរបប ប៉ុល ពត បានធ្វើឱ្យប្រទេសកម្ពុជា គ្មានសុខសន្តិភាព ស្ថេរភាពពេញលេញសិទ្ធិរស់រៀនមានជីវិត ជួបជុំគ្រួសារ គ្មានសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សង់ផ្ទះសំបែង បង្កបង្កើនផលបង្កើតមុខរបររស៊ីដើម្បីចិញ្ចឹមជីវិត។

ជាមួយគ្នានេះដែរ លោក គួច ចំរើន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដោយដៃម្ខាងទប់កុំឱ្យរបបខ្មែរក្រហម ត្រឡប់មកវិញ ដៃម្ខាងកសាងប្រទេសជាតិដែលទើបងើបពីគំនរផេះដែលបន្សល់ពីភ្លើងសង្គ្រាម។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមដំបូលនៃសន្តិភាពជាង២០ឆ្នាំមកនេះ កម្ពុជាកំពុងតែអភិវឌ្ឍន៍ ជឿនលឿនស្ទើរតែគ្រប់វិស័យ ជាពិសេសសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេសលើកាងារមានសិទ្ធិរស់រៀន ការកាន់កាប់ដីធ្លី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋម្នាក់ត្រូវរស់នៅ ឬកាន់កាប់អចលនវត្ថុទាំងអស់ត្រូវមិនមានទំនាស់មុននឹងក្រសួង និងពាក់ព័ន្ធបានចេញបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជៀសវាងមានការប្រទាំងប្រទិចគ្នាដែលនាំឱ្យមានការលំបាកដល់ការសិក្សា វិនិច្ឆ័យ លើប្រវត្តដីធ្លីក្នុងការចេញបណ្ណ។

ក្នុងឱកាសនោះអភិបាលខេត្ត ក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវត្រៀមឯកសារឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

0 Reviews:

Post a Comment