ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, May 2, 2023

រដ្ឋមន្ត្រីការងារ ផ្សព្វផ្សាយកិ ច្ចខិតខំលើកស្ទួយកម្មករនិយោជិត ក្នុងកម្មវិធីប្រកួតសមាជិក ប.ស.ស. ឆ្នើម ២០២៣

អ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្សព្វផ្សាយអំពីកិច្ចខិតខំជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកស្ទួយការប្រកបការងារ ការរស់នៅ សិទ្ធិសេរីភាពរបស់កម្មករនិយោជិត។

ការផ្សព្វផ្សាយអំពីកិច្ចខិតខំនេះធ្វើឡើងក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម ចំថ្ងៃខួបលើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»

គួររំឭកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានរៀបចំកម្មវិធី «សម្រស់ឯកវាយនភណ្ឌ» បានចំនួន៥លើករួចមកហើយ ចាប់ពីឆ្នាំ២០១៥-២០១៩ ប៉ុន្តែត្រូវបានអាក់ខានចំនួន៣ឆ្នាំ គឺឆ្នាំ២០២០-២០២២ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ឆ្នាំ២០២៣នេះ គឺជាការវិលត្រឡប់មកសាជាថ្មីនៃកម្មវិធីនេះ តែបានប្តូរឈ្មោះមកជាកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» វិញ។

នាឱកាសនោះ លោក អ៉ិត សំហេង បានលើកឡើងថា ការរៀបចំពិធីនាពេលនេះស្ថិតក្នុងបរិយាកាសដែលកម្ពុជាបានរួមគ្នាបន្តថែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រទេសជាតិទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋបានសប្បាយរីករាយទូទាំងប្រទេស ជាពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិថ្មីៗកន្លងទៅនេះ។

លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានខិតខំលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់កម្មករ-កម្មការិនី បង្ហាញឱ្យឃើញពីការខិតខំយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចគាំពារគ្រប់បែបយ៉ាងដល់កម្មករនិយោជិតឱ្យទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ រួមទាំងកិច្ចគាំពារសង្គម។ កាន់តែពិសេស និងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា គឺអនុសាសន៍ទី៧របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលកម្មករនិយោជិតសប្បាយរីករាយឥតឧបមា នៅពេលដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលនាំឱ្យកម្មករនិយោជិតវិស័យឯកជនទាំងអស់ទទួលបាននូវប្រាក់ចូលនិវត្តន៍នៅវ័យចាស់ជរាទៅ ឬនៅពេលបាត់បង់សមត្ថភាពការងារមុនអាយុចូលនិវត្តន៍ បន្ថែមពីលើការអនុវត្តរបបសន្តិសុខសង្គមមានស្រាប់រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព រួមទាំងចល័តភាពសន្តិសុខសង្គម ដែលទាំងអស់នេះគឺជាការគិតគូរ និងយកចិត្តទុកដាក់ដល់កម្មករ-កម្មការិនីគ្រប់វិស័យទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយធានាថាគ្មានបុគ្គលណាម្នាក់ស្ថិតនៅក្រៅសំណាញ់នៃការការពារនៃប្រព័ន្ធសន្តិសុខសង្គម។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លមកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធានារក្សាបាននូវការងារ ប្រាក់ចំណូល និងអត្ថប្រយោជន៍នានាធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ជាពិសេសការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា ការផ្តល់ជូនកម្មករនិយោជិតទទួលបានរបបសន្តិសុខសង្គមផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកថែទាំសុខភាពដោយមិនបង់ប្រាក់ នៅពេលកម្មការិនីសម្រាលកូនមិនអស់លុយ ហើយទទួលបានប្រាក់ខែ ១២០% ហើយសម្រាលបានកូន១ទទួលបាន៤០ម៉ឺនរៀល កូនភ្លោះ២បាន៨០ម៉ឺនរៀល និងកូនភ្លោះ៣បាន១លាន២សែនរៀល និងបានប្រាក់បន្ថែមផ្ទាល់៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត។

លោក អ៉ិត សំហេង បានលើកឡើងពីការអនុវត្តគោលនយោបាយស្ដីពីប្រាក់សោធននិវត្តន៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតបន្ថែមទៀត។

សូមបញ្ជាក់ដែរថា ការរៀបចំកម្មវិធីប្រកួត «សមាជិក ប.ស.ស. ឆ្នើម ២០២៣» គឺអាស្រ័យដោយកត្តាសន្តិភាពដែលកម្ពុជារក្សាបាន ជាមួយនឹងភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ ដែលអាចដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមគ្រប់វិស័យពេញលេញឡើងវិញ។ បន្ទាប់ពីបេក្ខជន បេក្ខនារីបានបងា្ហញទេពកោសល្យ និងបញ្ចេញសមត្ថភាពយ៉ាងស្វាហាប់ក្នុងកម្មវិធីសមាជិក ប.ស.ស. ឆ្នើម ២០២៣ គណៈកម្មការបានវាយតម្លៃជ្រើសរើសបេក្ខជន បេក្ខនារីដែលឆ្នើមចំនួន១០រូប ដោយក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកាចំនួន៦លានរៀល និងលោកស្រី កែវ ណារី អគ្គនាយិកាក្រុមហ៊ុន ណារីស្វីតវីឡាហូថែល និង Explorer B Y S L  ក៏បានឧបត្ថម្ភបន្ថែម៤លានរៀល ដល់ម្ចាស់ជ័យលាភីលេខ១ ចំណែកម្ចាស់ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន៥លានរៀល ម្ចាស់ជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន៤លានរៀល ម្ចាស់ជ័យលាភីប្រជាប្រិយភាពទទួលបានថវិកាចំនួន២លាន៥សែនរៀល និងម្ចាស់ជ័យលាភីថតរូបស្អាតទទួលបានថវិកាចំនួន២លាន៥សែនរៀល ដោយឡែកចំពោះបេក្ខជន បេក្ខនារីដែលពុំជាប់ជ័យលាភី ក៏ទទួលបានថវិកាក្នុងមា្នក់ចំនួន៦សែនរៀលផងដែរ៕

0 Reviews:

Post a Comment