ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, April 22, 2023

យុទ្ធនាការ​អន្ទាក់​សូន្យ​លើក​ទី​២​ក្នុង​ខេត្ត​ពោធិ៍សាត់​ចាប់ផ្ដើមជាផ្លូវការ​នៅ​ស្រុក​វាលវែង​នាព្រឹកនេះ

អ្នកទស្សនា: Views

    ពោធិ៍សាត់: ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រសួង​បរិស្ថាន សហការ​ជាមួយ​អង្គការ​ដៃគូ ក៏ដូចជា​រដ្ឋបាលខេត្ត​ពោធិ៍សាត់​ចាប់ផ្ដើមបើក​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ លើក​ទី​២ នៅក្នុង​ស្រុក​វាលវែង នៅព្រឹកថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣​នេះដើម្បី​ជំរុញ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យបាន​យល់ដឹង​ពី​សារៈសំខាន់​របស់​សត្វ​ព្រៃ និង​ដើម្បី​បញ្ឈប់​ការ​ដាក់​អន្ទាក់ បរបាញ់ និង​សម្លាប់​សត្វព្រៃ​គ្រប់​ប្រភេទ​ដែល​រស់នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ និង​តំបន់ការពារធម្មជាតិ​។​ ជាពិសេសពិធីបើកយុទ្ធនាការអន្ទាក់សូន្យនាថ្ងៃនេះ ក៏ចំថ្ងៃនៃទិវាភពផែនដីផងដែរ។


​ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី អន្ទាក់​សូន្យ​ជា​លើក​ទី​២​នៅក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឯកឧត្តម នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានចាត់ទុកថា យុទ្ធនាការ​អន្ទាក់​សូន្យ​លើក​ទី​២​នេះ នឹង​ចូលរួម​កាត់បន្ថយ​ការសម្លាប់​សត្វព្រៃ​បន្ថែមទៀត​នៅក្នុងខេត្តពោធិ៍សាត់។ ឯកឧត្តមគូសបញ្ជាក់ថា ខេត្ត​ពោធិ៍សាត់​ជា​ខេត្ត​ដែល​មាន​តំបន់ការពារធម្មជាតិ​ដ៏​ធំ​មួយ ជាក់ស្ដែង​គឺ តំបន់​ជួរ​ភ្នំក្រវាញ​តែម្ដង​។​

​អ្នកនាំពាក្យ​ដដែល​បានបង្ហាញ​ជំនឿ​ថា តាមរយៈ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២​នេះ ក៏​នឹង​បន្ត​ចូលរួម​ផ្ដល់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​បរបាញ់ ឬ​ដាក់​អន្ទាក់ ដែល​បង្ក​ជា​គ្រោះថ្នាក់​ដល់​សត្វព្រៃ​។ ឯកឧត្តម​កត់សម្គាល់ឃើញថា គិត​ត្រឹម​រយៈពេល​៧០​ឆ្នាំ​ចុងក្រោយ​នេះ បរិមាណ​សត្វព្រៃ​ដែល​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​មាន​ការថយចុះ​ប្រមាណ​៦០​ភាគរយ ដោយសារ​ការបាត់បង់​ទីជម្រក ការ​បរបាញ់ និង​ការដាក់​អន្ទាក់​។ យ៉ាងណា ក្រោយ​ទទួលបាន​សុខសន្តិភាព កម្ពុជា​បាន​ស្ដារ​ឡើងវិញ​លើ​ការងារ​អភិរក្ស​សត្វព្រៃ ហើយ​សម្រេច​បាន​ការអភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​ឡើងវិញ​។​

​អន្ទាក់​គឺជា​ឧបករណ៍​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​សត្វព្រៃ ខណៈ​បរិមាណ​អន្ទាក់​នៅក្នុង​ព្រៃ​ធម្មជាតិ​នៅតែ​បន្ត​មាន​។ ជា​ដំណោះស្រាយ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថា​ន​បាន​ដាក់ចេញ​វិធានការ ក្នុងការ​បង្វែរ​មុខរបរ​របស់​ប្រជា​សហគមន៍​ដែល​នៅ​ជុំវិញ និង​នៅ​ជិត​តំបន់​ដែន​ជម្រក​សត្វព្រៃ ឱ្យ​ពួកគេ​វិល​មក​ប្រកប​របរ​ផ្សេង​ពី​ការ​បរបាញ់ និងដាក់អន្ទាក់ ក្នុងនោះរួមមានដូចជា​៖ មុខរបរ​ធ្វើ​កសិកម្ម​ជាដើម​។​

គួររម្លឹកថា កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២៣ មន្ត្រី​ក្រសួង​បរិស្ថាន រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អ្នកសារព័ត៌មាន ព្រម​ទាំង​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នឹង​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ លើក​ទី​១​នៅក្នុង​ទី​រួម​ខេត្តពោធិ៍សាត់​។ ខេត្ត​ពោធិ៍សាត់​ជា​ខេត្ត​ទី​១​ដែល​នឹង​ចាប់ផ្តើម​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២​។ ខេត្ត​នេះ​មាន​តំបន់ការពារធម្មជាតិ​ចំនួន​៦ រួមមាន​៖ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ មាន​ផ្ទៃដី​សរុប ៦៨៩,២៩៧​ហិកតា​៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ អ៊ុន រិទ្ធី សម្រួលផ្សាយដោយ៖ Darä


0 Reviews:

Post a Comment